ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ «ក្មួយៗជំទង់គឺជាអ្វីមួយដែលចង់ឃើញអីប្លែកៗក្លាហានវាត្រូវហើយតែកុំក្លាហានផ្លូវខុស»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅដល់យុវជនត្រូវក្លាហាននូវអ្វីដែលជាផ្លូវត្រូវជៀសឲ្យផុតពី បងធំបងតូចការវាយតប់កាប់ចាក់ដែលជាអំពើខុសច្បាប់ដែលត្រូវតែកែតម្រូវជាបន្ទាន់។

ពិធីសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតីបានឲ្យដឹងថាកាលពីម្សិលមិញសម្ដេចបានបញ្ជាដោយផ្ទាល់ទៅអភិបាលខេត្តតាកែវឲ្យឃាត់ខ្លួនយុវជនទំនើងមួយក្រុមដែលដេញវ៉ៃគ្មាដោយកាំបិតតាមផ្លូវឲ្យខានតែបាន និងបញ្ជាក់ថានៅពេលដែលក្មេងក្លាហានដើរផ្លូវខុស ច្បាប់ត្រូវតម្រង់ទៅដើម្បីបានសុខទាំងអស់គ្នា។

សម្ដេចធិបតីបន្តថា៖ «ក្មួយៗជំទង់គឺជាអ្វីមួយដែលចង់ឃើញអីប្លែកៗក្លាហានវាត្រូវហើយតែកុំក្លាហានផ្លូវខុស»។ 

សម្ដេចធិបតីបានលើកឡើងថា សាសនាក៏មានសារៈសំខាន់ក្នុងការតម្រង់ទិសទៅដល់ប្រជាពលរដ្ឋផងដែរ។ 

សូមរម្លឹកថា ៖ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត បានផ្ញើសារដាសតឿនហើយ គឺផ្តាំថា ៖ ជូនចំពោះក្រុមក្មេងទំនេីងទាំងឡាយ ជាពិសេសក្រុមក្មេងទំនេីងក្នុងភូមិសាស្ត្រ មូលដ្ឋានរស់នៅគ្រប់ទីកន្លែង  ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានក្នុងសង្គម ដូចជា ការកាន់ដាវ កាប់ចាក់បង្កការភ័យខ្លាចដល់ប្រជាជន ហេីយត្រូវកែប្រែខ្លួនទៅជាពលរដ្ឋល្អ បេីមិនដូច្នេះទេ ពួកអ្នកនឹងទទួលរងនូវការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ជាទីបំផុត។ 

ជូនចំពោះអាណាព្យាបាលទាំងអស់ ត្រូវខិតខំនែនាំអប់រំកូនចៅ អោយជៀសអោយឆ្ងាយពីក្រុមក្មេងទំនេីង ដែលអាចមានទោសទណ្ឌដល់ពួកគេ។  សមត្ថកិច្ចទាំងអស់នឹងប្រែក្លាយសកម្មភាពបង្ក្រាបក្មេងទំនេីង អោយក្លាយជាយុទ្ធនាការមួយយ៉ាងសកម្មបំផុត ៕

ដោយ ៖ សិលា


ចែករំលែក៖