សារព័ត៌មាន AFP នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ចិនបានចូលរួមអបអរសាទរនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi សម្រាប់ជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតសកលអាណត្តិថ្មី ហើយទីក្រុងប៉េកាំងបានបន្ថែមថា ខ្លួនត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការជាមួយប្រទេសជិតខាងរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងថា ទំនាក់ទំនងចិន-ឥណ្ឌា ដែលមានលក្ខណៈល្អប្រសើរ និងមានស្ថិរភាព បម្រើជាប្រយោជន៍រួមសម្រាប់ភាគីទាំងសងខាង ហើយក៏ចូលរួមចំណែកផងដែរ ចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក។ លោកស្រីអ្នកនាំពាក្យបានបន្តថា ភាគីចិនសូមចូលរួមអបអរគណបក្ស BJP របស់លោក Modi ផ្ទាល់ ព្រមទាំងសម្ព័ន្ធភាពបក្សនយោបាយរបស់លោក គឺ National Democratic Alliance ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយឥណ្ឌា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
មកទល់សព្វថ្ងៃនេះ ប្រទេសមហាយក្សអាស៉ីទាំងពីរ នៅបន្តមានបញ្ហាជម្លោះទឹកដីនឹងគ្នានៅឡើយ នៅតាមព្រំដែន ហើយក៏ធ្លាប់ធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងគ្នាផងដែរ កាលពីឆ្នាំ១៩៦២។ សម្រាប់លោក Modi គឺលោកកំពុងប្រឈមនូវអាណត្តិទី៣ ដែលហាក់នឹងមានភាពលំបាកជាងការរំពឹងទុក បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតសកល ដែលទើបបិទបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍នេះ បានបង្ហាញថា គណបក្សរបស់លោកផ្ទាល់ មិនអាចឈ្នះបានអាសនៈក្នុងសំឡេងភាគច្រើនជាលើកដំបូងនោះទេ គិតចាប់តាំងពីឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុន៕ ដោយ៖ ធីរីណា
រូបថត៖ AFP