ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខា សាលាពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាឱ្យជ្រើសរើសពលករប្រកបដោយក្រមសីលធម៌

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែ មិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល,អង្គការអន្តរជាតិខាងការ ងារ(ILO) និងសមាជិកនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា។

ថ្លែងក្នុងពិធីបើកលោករដ្ឋមន្ត្រី បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជាឱ្យគោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីឱ្យការជ្រើសរើសពលករបម្រើការងារនៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដែលផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោករដ្ឋមន្ត្រីបន្ថែមថា រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់ទេសន្តរប្រវេសនករធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ទទួលបានកិច្ចគាំពារពីរដ្ឋាភិ បាល និងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជា លំដាប់។

ក្រៅតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងយន្តការគាំពាររបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី ក៏បានរំលឹកអង្គសិក្ខាសាលាថា ការធ្វើទេសន្តរប្រវេសន៍មួយដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយនិងសប្បាយចិត្តដែលរួមមានភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន រដ្ឋាភិ បាលនៃប្រទេសទទួល ក្រុមហ៊ុនជ្រើសរើសពលករនៃប្រទេសបញ្ជូន និងក្រុមហ៊ុនឯកជននៃប្រទេសទទួល រួមទាំងទេសន្តរប្រវេសនករ។

គួររំលឹកថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌នេះ នឹងផ្តល់ឱកាសដល់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់យល់ ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ញតិ្ត និងគោលនយោ បាយដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករទេសន្តរ ប្រវេសន៍ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តគោលការណ៍ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា។

បន្ថែមពីនេះ សិក្ខាសាលាក៏នឹងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍នៃក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការអនុវត្តក្របខណ្ឌវាយ តម្លៃ និងបញ្ជីត្រួតពិនិត្យនៃការអនុវត្តក្រមសីលធម៌។ មួយវិញទៀត សិក្ខាសាលាក៏នឹងបង្កើនសមត្ថភាព ចំណេះដឹងអំពីគោលការណ៍ការជ្រើសរើស និងបង្កើនការអនុវត្តការជ្រើសរើសពលករទេសន្តរប្រវេសន៍ប្រកបដោយប្រសិទ្ធភាព៕


ចែករំលែក៖