ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់ក្មេងទំនើងចំនួន៤នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៤ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោ និងកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន ០៤ នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតផ្គាក់ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះចំនួន ០៤ នាក់ នៅចំណុចផ្លូវបេតុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២១ និង ៣០ នាទី ហើយ ក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាកាប់ទៅលើម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 15-1138 របស់ជនរងគ្រោះបណ្តាលឱ្យបែកកុងទ័រ, ក្បាំងម៉ូតូខាងឆ្វេង និងកាប់យកផ្អាកលេខម៉ូតូរបស់ជនរងគ្រោះ រួចក្រុមក្មេងទំនើង ខាងលើក៏បាននាំគ្នាគេចខ្លួនអស់។ ក្រោយមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤ នាក់មាន ១.ឈ្មោះ ពន្លក ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ ២.ឈ្មោះ រាំ ភារិន ហៅ រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ រ៉ា ចំរើន ភេទប្រុស អាយុ២០ឆ្នាំ និង៤.ឈ្មោះ សុង សាយ័ន ភេទប្រុស អាយុ២១ឆ្នាំ និង ចាប់យកវត្ថុតាងរួមមាន១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-4571 ២/ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HJ-1763 និង ៣/ផ្លាកលេខម៉ូតូលេខ កំពង់ធំ 1S-1138 (របស់ជនរងគ្រោះ)។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖