ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណរ័ត្ន ត្រូវបានតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ជំនួស ឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី

ចែករំលែក៖

ខេត្តក្រចេះ ៖ បើយោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងភាគីវៀតណាមដែលពាក់ព័ន្ធ លោក អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកតំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ លោកស្រី តំណាងអង្គភាព ស្ថាប័ន នានាដែលពាក់ព័ន្ធ នាយរងប៉ុស្តិ៍ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែជាច្រើនរូបទៀត។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ និងមតិប្ដេជ្ញារបស់លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណរ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែថ្មីរួចមក លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ដោយជាដំបូង សូមចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា បាននាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍ ដូចជា ការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ ជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និង គ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។ 

លោកបន្តទៀតថា ត្រុវមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ សូមឲ្យកងកម្លាំងជាពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ឲ្យបានល្អ។ ក្នុងនោះដែរ លោក អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃក្នុង គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖