ព័ត៌មានទាន់ហេតុការណ៍៖

នៅដើមរដូវវស្សានេះ គ្រាប់ស្វាយចន្ទីស្ងួត ចាប់ផ្ដើមឡើងថ្លៃខ្ពស់ មិនធ្លាប់មានរយៈពេល៥ឆ្នាំចុងក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ គ្រាប់ស្វាយចន្ទីស្ងួតបានហក់ឡើងថ្លៃខ្ពស់រហូតដល់៨ពាន់រៀលក្នុង១គីឡូក្រាម ក្រោយកសិករមួយចំនួនបានហាលស្តុកទុកកាលពីដើមរដូវ ជាហេតុធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីសើមទៅក្រៅប្រទេសមានការធ្លាក់ចុះ ស្របពេលបាតុភូតអែលនីណូបង្កឱ្យទិន្នផលស្វាយចន្ទីនៅលើពិភពលោកមានការធ្លាក់ចុះ។ នេះបើយោងតាម លោក អួន ស៊ីឡុត ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ៖ តម្លៃគ្រាប់ស្វាយចន្ទីស្ងួតចាប់ផ្ដើមឡើងថ្លៃវិញហើយ រហូតដល់ទៅ៨ពាន់រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ មិនធ្លាប់មាននោះទេ រយៈពេល៥ឆ្នាំចុងក្រោយ។ គ្រាប់ស្វាយចន្ទីស្ងួតដែលកំពុងមានទីផ្សារនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា រំពឹងថា នឹងឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ។

លោក អួន ស៊ីឡុត បានលើកឡើងថា គ្រាប់ស្វាយចន្ទីស្ងួតប្រភេទសាច់លេខ២ បានហក់ឡើងថ្លៃដល់៨ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា ការឡើងថ្លៃនេះ គឺដោយសារកសិករជាសមាជិករបស់សមាគមបានរួមគ្នាហាលគ្រាប់ស្វាយចន្ទីទុកកាលពីខែកុម្ភៈ ដែលជាពេលគ្រាប់ស្វាយចន្ទីសើមមានតម្លៃថោករហូតដល់៣៥០០រៀល ក្នុង១គីឡូក្រាម។ ការរួមគ្នានេះបានធ្វើឱ្យចរន្តគ្រាប់ស្វាយចន្ទីសើមធ្លាក់ចុះលើទីផ្សាររហូតដល់៣២% ហើយធ្វើឱ្យតម្លៃមានការកើនឡើងជាបន្តបន្ទាប់ នឹងអាចមានការកើនឡើងបន្តទៀតនាពេលខាងមុខ។

លោក អួន ស៊ីឡុត បញ្ជាក់ថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការប្រែប្រួលខ្លាំង គឺបន្ទាប់ពីកម្ពុជាបានទប់ស្កាត់ការលក់ចេញគ្រាប់ស្វាយចន្ទីក្នុងតម្លៃថោក គួបផ្សំបាតុភូតអែលនីណូធ្វើឱ្យទិន្នផលស្វាយចន្ទីនៅលើពិភពលោកធ្លាក់ចុះប្រមាណ៣០%។

លោកបន្ដថា បច្ចុប្បន្នកម្ពុជានៅសល់គ្រាប់ស្វាយចន្ទីស្ងួតប្រមាណ២០ម៉ឺនតោន ហើយក្នុងចំណោមនេះ គឺមានជាង១០ម៉ឺនតោនទុកផ្គត់ផ្គង់ឱ្យការកែច្នៃក្នុងស្រុក។ យ៉ាងណាមិញ លោក បានសម្ដែងការសោកស្ដាយចំពោះលទ្ធភាពរបស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលពុំមានទុនបង្វិលគ្រប់គ្រាន់សម្រាប់ទិញគ្រាប់ស្វាយចន្ទីក្នុងអំឡុងពេលតម្លៃធ្លាក់ចុះ ដើម្បីជួយដល់កសិករនាពេលកន្លងមក។

បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៧១ម៉ឺន៦ពាន់តោន ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន៦៦ម៉ឺន៧ពាន់តោន ស្មើទឹកប្រាក់ប្រមាណ៨៥១លានដុល្លារ៕

ដោយ ៖ សិលា


ចែករំលែក៖