ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី គី តិច ជួបជាមួយពលរដ្ឋរងគ្រោះជាលើកទី៤ ចំនួនជាង៣០០រូប ដែលរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា

ចែករំលែក៖

ភ្នំពេញ ៖ ដោយគោរពប្រតិបតិ្តសិទ្ធិប្រទានរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ បានដឹកនាំក្រុមការងារមេធាវីរាជរដ្ឋាភិបាល ជួបជាមួយពលរដ្ឋរងគ្រោះជាលើកទី៤ ចំនួនជាង៣០០រូប ដែលរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា ។

លោកបានបញ្ជាក់ថា ៖ ការជួបជាមួយប្រជាពលរដ្ឋលើកទី៤ ជាង៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះ៣លើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។

បើតាមលោកមេធាវី គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។

លោកបានពន្យល់ថា នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។

លោក គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ លោកថា កន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកបានបង្ហើបថា រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។

លោកមេធាវី គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ លោកកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន៕

ដោយ ៖ សិលា


ចែករំលែក៖