ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។
ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេង របស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដោយនាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្តារ កសាង និងធានាបាននិរន្តរភាព នៃការអភិវឌ្ឍសង្គម ៕
ដោយ ៖ សិលា