ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន និងមេដឹកនាំ គីម ជុងអ៊ុន បានព្រមព្រៀងជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីម្ខាងរងការឈ្លានពាន

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះដែលបានរាយការណ៍ថាកូរ៉េខាងជើងនិងរុស្ស៉ីបានឯកភាពគ្នាលើការផ្ដល់ជំនួយយោធាទាំងអស់ដែលរកបាន ប្រសិនបើភាគីណាមួយរងការឈ្លានពានដោយប្រដាប់អាវុធពីសត្រូវ។
តាម KCNA ការឯកភាពផ្ដល់ជំនួយយោធាឱ្យគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នខាងលើ មានចែងនៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំ នៃប្រទេសទាំង២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបន្ថែមទៀតថា ប្រទេសទាំង២នឹងមិនចុះសន្ធិសញ្ញាណាមួយជាមួយប្រទេសទី៣ដែលបំពានឬបំផ្លាញដល់ផលប្រយោជន៍របស់ភាគីម្ខាងទៀតនោះទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបំផ្លាញសន្តិសុខ និងអធិបតេយ្យរបស់ភាគីម្ខាងទៀតនោះដែរ។
មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាក្នុងទីក្រុងព្យុងយ៉ាងពីថ្ងៃពុធ ទី១៩ ខែមិថុនា មុននឹងប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ KCNA នៅថ្ងៃព្រហស្បតិ៍នេះដែរ បានបញ្ចេញអត្ថបទទាំងស្រុងនៃ កិច្ចព្រមព្រៀង ដែលក្នុងនោះរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវខាងទីអវកាស ស្បៀងអាហារ និងសន្តិសុខថាមពល៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖