ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយបំផ្លើសខុសពីការណ៍ពិតជាក់ស្ដែងរបស់ផេកឈ្មោះ PHALLA News Channel

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយបំផ្លើសខុសពីការណ៍ពិតជាក់ស្ដែងរបស់ផេកឈ្មោះ PHALLA News Channel ដែលបានផ្សព្វផ្សាយថា «ទីតាំងឡូតូអនឡាញមួយកន្លែង ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ បើកលេងយ៉ាងអនាធិបតេយ្យ មហាជនស្នើដល់ឯកឧត្តម ស ថេង ស្នងការនគរបាលខេត្តមេត្តាជួយចាត់វិធានការ»។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ ទីតាំងមួយកន្លែងស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដែលផេកឈ្មោះ PHALLA News Channel បានចុះផ្សាយខាងលើ គឺជាទីតាំងប៉ុស្តិ៍សេវាអាជីវកម្មឆ្នោត-ឡូតូ ដែលមានអាជ្ញាប័ណ្ណចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា និងបានប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មិនបានបើកលេងអនាធិបតេយ្យដូចការចុះផ្សាយឡើយ។

ការចុះផ្សាយបំផ្លើសខុសពីការណ៍ពិតជាក់ស្តែងរបស់ផេកឈ្មោះ PHALLA News Channel បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំអង្គភាព ស្ថាប័នថែមទៀតផង។

រដ្ឋបាលខេត្តពោធិ៍សាត់ ស្នើឱ្យផេកឈ្មោះ PHALLA News Channel ធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើងវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖