ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ១រូប និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១០ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ១រូប និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១០ គីឡូក្រាម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យចំនួន ០១ នាក់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១០ គីឡូក្រាម របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃការិយាល័យនីតិវិធី នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានបង្ក្រាប ករណីគ្រឿងញៀននៅចំណុច ប្រៃសណីយ៍កម្ពុជា សាខាអុីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ឈ្មោះ ជ្រឿង ដា ភេទប្រុសអាយុ៣១ឆ្នាំ នូវសារធាតុញៀនជាម្សៅម៉ដ្ឋពណ៌សថ្លា ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ១៧៩,៧៥ ក្រាម ម្សៅពណ៌កាកអំពៅ ជាប្រភេទ ហេរ៉ូអុីន ទម្ងន់ ៤៥៥៩,២៧ ក្រាម និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ៥៦៣៣,៧៦ ក្រាម ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ០១នាក់ ខាងលើមកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ឈ្មោះ គ្រឿង ដា ភេទប្រុស អាយុ៣១ឆ្នាំ និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្រៃសណីយ៍កម្ពុជា សាខាអុីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖