ខេត្តតាកែវ ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។
សូមបញ្ជាក់ថា ៖ លោក វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
គួរជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖
១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង
២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ
៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ
៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ
៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល
៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ
៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ
៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ
៩៖ លោក ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១០៖ លោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១១៖ លោក គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១២៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ដោយ ៖ សិលា