ភ្នំពេញ ៖ ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ។
ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខ អគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ព្រឹត្តិការណ៍ ពន្លកបៃតង នឹងប្រារព្ធបើកជាផ្លូវការ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង បរិស្ថាន មន្ទីរបរិស្ថានរាជធានី រានី-ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ-អន្តរជាតិ សមាគមយុវជននានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។
ពិព័រណ៍នេះរៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និង ជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណង ចម្បងគឺ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបាន ប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធាន ធម្មជាតិ។ ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ និងសមាគមយុវជន ផលិតផលខ្មែរ ផលិតផលជីវៈចម្រុះ ពីសហគមន៍ និងអង្គការដៃគូផងដែរ។
អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជនអញ្ជើញ ចូលរួមក្នុងពិព័រណ៍នេះ ឱ្យបានច្រើនកុះករតាមការគួរ៕
ដោយ ៖ សិលា