កីឡាករបម្រុង Donyell Malen ស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយ Cody Gakpo រកបាន១គ្រាប់ ក្នុងព្រឹត្តិការណ៍ Euro 2024 ដើម្បីជួយហូឡង់យកឈ្នះរ៉ូម៉ានី និងឈានដល់វគ្គ១/៤ ផ្តាច់ព្រ័ត្រនៃការប្រកួតជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ។ ចំណែកទួរគីរកបានជ័យជម្នះដូចគ្នាលើអូទ្រីសដើម្បីឡើងទៅកាន់វគ្គ៨ក្រុមទៅជួបហូឡង់។
ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Gakpo បានបើកការស៊ុតបញ្ចូលទីគ្រាប់ទី១ នៅតង់ទី១ គឺនាទីទី២០ពីការបញ្ជូនបាល់ពីកីឡាករ Xavi Simons។ ហូឡង់បានខកខានឱកាសជាច្រើនក្នុងតង់ទី១ ប៉ុន្តែបានធ្វើឱ្យប្រសើរឡើងវិញនៅតង់ទី២ ដែលនៅចុងម៉ោងរកបាន២គ្រាប់បន្ថែមទៀត នៅពេលដែលកីឡាករបម្រុង Malen ត្រូវបានប្តូរចូល។
Malen បានស៊ុតបញ្ចូលទីគ្រាប់ទី២ នៅនាទីទី៨៣ ពីការបញ្ជូនរបស់ Gakpo ហើយកីឡាកររូបនេះរកបានគ្រាប់ទី៣ក្នុងការប្រកួតនេះនៅនាទីទី៩០+៣ ពីការបញ្ជូនបាល់របស់កីឡាករ Xavi Simons ធ្វើឲ្យចប់ការប្រកួតហូឡង់បានទម្លាក់រ៉ូម៉ានីក្នុងវគ្គ១៦ក្រុមក្នុងលទ្ធផល ៣ទល់០។
ចំណែកកីឡាករ Merih Demiral ស៊ុតបញ្ចូលទី២គ្រាប់នាំមុខ ដែលគ្រាប់បាល់ទី១ជាគ្រាប់បាល់បញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកទ្វីបអឺរ៉ុប ធ្វើឲ្យទួរគីយកឈ្នះអូទ្រីសឡើងវគ្គ៨ក្រុមក្នុងលទ្ធផល២ទល់១។
នេះគឺជាការប្រកួតដ៏ល្អបំផុតនៃការប្រកួតរហូតមកដល់ពេលនេះ ដែលជាការប្រកួតមានទឹកភ្លៀងធ្លាក់ដោយក្រុមទាំងពីរមានអ្នកគាំទ្រដ៏ក្លៀវក្លា។ ២គ្រាប់បាល់ដំបូងរបស់ Demiral នៅនាទីទី១ និងគ្រាប់ទី២ ធ្វើបាននៅនាទីទី៥៩។
ក្រុមអូទ្រីសបានព្យាយាមសម្រុកនៅតង់ទី២ រហូតធ្លាយគ្រាប់បាល់១គ្រាប់តាមពីក្រោយនៅនាទីទី៦៦ ដែលជាការស៊ុតដោយកីឡាករបម្រុង Michael Gregoritsch។
ក្រុមរបស់លោក Ralf Rangnick ដែលធ្វើបានល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការយូរ៉ូនៅអាឡឺម៉ង់ឆ្នាំនេះមានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងទៅវគ្គបន្ត ប៉ុន្តែបានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងទួរគី។ ទួរគីបានឈានចូលវគ្គ៨ក្រុមចុងក្រោយ Euro លើកដំបូងចាប់តាំងពីឆ្នាំ២០០៨ ឥឡូវនេះពួកគេធ្វើដំណើរទៅកាន់ទីក្រុង Berlin ជាកន្លែងដែលពួកគេជួបជាមួយហូឡង់នៅកីឡដ្ឋាន Olympiastadion នៅថ្ងៃសៅរ៍ខាងមុខនេះ ៕
ដោយ៖ ភារៈ (រូបភាព ៖ EURO2024/BBC)