ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ កាលពីវេលាម៉ោង០៤ នឹង ៤៥នាទីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះឃាត់ខ្លួនជនសង្ស័យដែលមានសតិមិនល្អ ក្រោយធ្វើការយកកាំភ្លើងផាវបាញ់ផ្អើល ប្រជាពលរដ្ឋ រស់នៅស្ថិតនៅតាមបណ្តោយផ្លូវលេខ២១ប៊េ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ជនសង្ស័យដែលមានសតិមិនល្អរូបនោះតែងតែ ដើរកាន់កូនកាំបិត រកចាក់អ្នករស់នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ជារឿយៗ ។ រហូតមកដល់ថ្ងៃនេះប្រជាពលរដ្ឋបានឃើញ ជនសង្ស័យខាងលើមិនដឹងជាបាន កាំភ្លើងមកពីណានោះទេ បានបាញ់ឡើងលើជាច្រើនគ្រាប់ រួចជនសង្ស័យខាងលើក៏បានរត់ចូលផ្ទះវិញបាត់ ។ ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្បែរខាង មានអារម្មណ៍ភ័យតក់ស្លុត ទើបសម្រេចចិត្តរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកចុះជួយអន្តរាគមន៍។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌទួលគោក បានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា ជនសង្ស័យមានកាំភ្លើង សមត្ថកិច្ចបាននាំកម្លាំងមកដល់ចំណុចកើតហេតុ រួចបន្តទាក់ទងទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដើម្បីសហការឃាត់ជនសង្ស័យខាងលើរហូតបានសម្រេច។ ប្រភពដដែលបន្តទៀតថា ជាក់ស្តែងនៅពេលកម្លាំងឃាត់ជនសង្ស័យបាន គឺឆែកឆេរខ្លួនជនសង្ស័យរួច រកឃើញនឹងដកហូតបានកាំភ្លើងផាវ មិនមែនជាកាំភ្លើងពិតនោះទេ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធី៕
ដោយ៖ តារា