ខេត្តឧត្តរមានជ័យ៖ ថ្លែងទៅកាន់មន្រ្តី អាជ្ញាធរ និងពលរដ្ឋ ក្នុងវេទិកាសាធារណៈនៅស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ លើកឡើងថា វេទិកាសាធារណៈដែលធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីសកម្មភាព របស់មន្រ្តីអាជ្ញាធរមូលដ្ឋាន ពិសេសការផ្តល់សេវាសាធារណៈបំរើជូនប្រជាពលរដ្ឋបានល្អប្រសើរ នឹងរកចំណុចអវិជ្ជមានដើម្បីដោះស្រាយ និងកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនេះផងដែរលោកកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
លោកកិត្តិសង្គហបណ្ឌិត លើកឡើងទៀតថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ដូចនេះរាល់វេទិកាសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។
នៅក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធការស្នើរសុំវាស់វែងចុះបញ្ជីដីធ្លី ការស្នើរសុំសាងសង់ស្ពានអូរជីក បង្កើតវិទ្យាល័យ បញ្ហាអគ្គិសនី រួមនិងការស្នើរសុំធ្វើផ្លូវ ប្រឡាយ។ ជាមួយនេះប្រជាពលរដ្ឋក៏បានលើកឡើងអំពីផលប៉ះពាល់ដោយសារល្បែងស៊ីសង និងផលលំបាកមួយចំនួនលើការផ្តល់សេវាសាធារណៈផ្សេងៗផងដែរ។ ទុក្ខកង្វល់ទាំងនេះត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពលរដ្ឋនិងចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ។
លោកទេសរដ្ឋមន្រ្តី បានជម្រុញ និងណែនាំឱ្យក្រុម ការងារទាំងអស់ធ្វើការពិភាក្សាក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យរួចរាល់ និងសន្យាខិតខំអភិវឌ្ឍន៍មូលដ្ឋានស្រុកត្រពាំងប្រាសាទ កាន់តែមានភាពរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តន៍ និងគាំទ្រកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ និងសមទ្ធិផលនានារបស់រាជរដ្ឋាភិបាល ជាពិសេសគឺការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ ដែលនឹងត្រូវរៀបចំពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ៖ សូរិយា