ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ នេះបើតាមការឲ្យដឹងពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ ។
លោក ស្នងការរងឲ្យដឹងទៀតថា យោងបណ្ដឹងរបស់ឈ្មោះ ម៉ៅ ផល្លី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ មានជនមិនស្គាល់អត្តសញ្ញាណ គាស់ទ្វារចូលក្នុងការិយាល័យកិច្ចការនារីស្រុកក្រគរ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ លួចយកទ្វារចំនួន២ផ្ទាំង និងបង្អួចចំនួន២៨ផ្ទាំង ។ បន្ទាប់មកកម្លាំងស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងបង្រ្កាបជនសង្ស័យ ឈ្មោះ តឹង សុវាន់ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដកហូតសម្ភារជាវត្ថុុតាងមួយចំនួន ។
លោក ឲ្យដឹងទៀតថា កម្លាំងបានបន្តអនុវត្តបណ្ដឹងរបស់ ឈ្មោះ លេង សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ នេសាទ មានជនមិនស្គាល់អត្តសញ្ញាណបានលួច(កាណូត១គ្រឿង)ទើបកម្លាំងស្រាវជ្រាវឈានដល់ កំណត់មុខសញ្ញា និងបង្រ្កាបជនសង្ស័យ ឈ្មោះ ហោ យ៉ាំងជិន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតវៀតណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតវត្ថុតាង(កាណូត១គ្រឿង) ។
លោក បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន