សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីជាប់ឆ្នោតរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សហរដ្ឋអាមេរិកគួរតែដឹងឱ្យច្បាស់ថា អ៉ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធនោះទេ ហើយលោកផ្ទាល់បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរបស់អ៉ីរ៉ង់ជាមួយចិន និងរុស្ស៉ី។
លោក Pezeshkian ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tehran Times នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ។ ប្រធានាធិបតីជាប់ឆ្នោតអ៉ីរ៉ង់រូបនេះក៏បានលើកឡើងជាថ្មីដែរថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយថាទីក្រុងតេហេរ៉ង់នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រាស្រ័យទាក់ទងជាមួយអឺរ៉ុប។
លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក…ចាំបាច់ត្រូវតែទទួលស្គាល់ការណ៍ពិត និងយល់ឱ្យច្បាស់ថាអ៉ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធឡើយ ហើយគោលនយោបាយការពារជាតិរបស់អ៉ីរ៉ង់មិនរាប់បញ្ចូលអាវុធនុយក្លេអ៊ែរនោះឡើយ»។ តែខណៈច្រានចោលសម្ពាធអាមេរិក លោក Pezeshkian បានលើកសរសើរពីទំនាក់ទំនងរបស់អ៉ីរ៉ង់ជាមួយចិន
និងរុស្ស៉ី ដោយសង្កត់ធ្ងន់ថា ប្រទេសទាំង២នេះតែងតែឈរជាមួយអ៉ីរ៉ង់ក្នុងពេលវេលាលំបាក។
លោក Pezeshkian មានអាយុ ៦៩ឆ្នាំ ដែលជាអតីតគ្រូពេទ្យវះកាត់បេះដូងម្នាក់ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអ៉ីរ៉ង់កាលពីថ្ងៃទី៦ ខែកក្កដា។ លោកបានសន្យាថានឹងលើកកម្ពស់នយោបាយការទូតប្រាកដនិយមមួយ បន្ធូរបន្ថយភាពតានតឹងជុំវិញការជាប់គាំងកិច្ចចរចាស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសេរីភាព និងនយោបាយប្រជានិយម។ ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួនមិនរំពឹងថានឹងមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នៅក្រោមការដឹកនាំរបស់លោក Pezeshkian ឡើយ ដោយសារតែអំណាចពិតប្រាកដ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei៕ ដោយ៖ ធីរីណា
រូបថត៖ AP