ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៣នាក់ដែលទទួលផលចោរកម្មនិងធ្វេីសកម្មភាពប្លន់យកម៉ូតូត្រូវនគរបាលខេត្តតាកែវចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្មនិងប្លន់យកម៉ូតូពលរដ្ឋ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។ 

តាមរបាយការណ៍របស់នគរបាល ខេត្តតាកែវបានបញ្ចាក់ថា នៅថ្ងៃព្រហស្បតិ៍៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧:៣០នាទី នៅចំណុចលើផ្លូវលំខាងជើងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង)ម៉ាកហុងដាស្គូពី ពណ៌ស សេ៊រីឆ្នាំ២០២៣ ពាក់ស្លាកលេខ ១AC- ៨៣៣២ របស់ឈ្មោះភិន សុម៉ាលីន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកម្មកររោងចក្រកាត់ដេរ។

ដោយនៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះសិទ្ធិ សុខវិសាល ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ឈ្មោះភិន សុម៉ាលីន បានជិះម៉ូតូដែលមានភិនភាគដូចខាងលើតែម្នាក់ឯង។  ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីម C១២៥ ពណ៌ខ្មៅ មានគ្នាពីរនាក់ ៖ ទី១-ជនសង្ស័យឈ្មោះហង់ ខី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងទី២-ជនសង្ស័យឈ្មោះ ចយ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ជនសង្ស័យទាំងពីរនាក់ខាងលេីនេះបានជិះម៉ូតូទៅស្ទាក់ពីមុខជនរងគ្រោះ ទេីបជនរងគ្រោះបានឈប់ម៉ូតូផ្ដួលចោលរត់យករួចខ្លួន រីឯជនសង្ស័យឈ្មោះ ចយ បញ្ញា ហៅញ៉ា បានជិះម៉ូតូជនរងគ្រោះដែលប្លន់បានដោយជិះម្នាក់មួយគ្រឿង មកដល់ផ្ទះជនសង្ស័យឈ្មោះ ឆិល ធីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ  មានមុខរបរកសិករ។ ពេលមកដល់ផ្ទះឈ្មោះឆិល ធីម ម៉ោងប្រហែល១៩:០០នាទី ជនសង្ស័យចយ បញ្ញា ហៅញ៉ា បានលក់ម៉ូតូដែលប្លន់បានអោយឈ្មោះ ឆិល ធីម ក្នុងតម្លៃ១.០០០.០០០៛(មួយលានរៀល)។ នៅពេលបានលុយជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងពីរនាក់ទៅបាត់ ។ ភ្លាមនោះឈ្មោះឆិល ធីម បានដោះផ្លាកលេខម៉ូតូដែលទើបទិញបាននោះចេញពីម៉ូតូ រួចក៏ជិះម៉ូតូដែលទើបទិញនោះចេញពីផ្ទះនៅលើផ្លូវលំក្នុងភូមិ ដោយម៉ូតូជាប់GPS សមត្ថកិច្ចជំនាញបានតាមប្រមាញ់ភ្លាមៗក្រោយពេលកើតហេតុ។ លុះដល់ម៉ោង២២:០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះឆិល ធីម រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះនៅលើផ្លូវលំក្នុងភូមិក្រាំងកណ្ដាល។ រហូតដល់ថ្ងទី១២ ខែកក្កដា វេលាម៉ោង៨:៣០នាទី ដោយបានការអនុញ្ញាតពីលោកស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានឆែកឆេរលំនៅឋានឈ្មោះ ឆិល ធី ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរទិញលក់ម៉ូតូ ត្រូវជាឪពុកបង្កើតឈ្មោះឆិល ធីម(នៅផ្ទះជាមួយគ្នា) រកឃើញស្លាកលេខម៉ូតូជនរងគ្រោះរួមទាំងឯកសារមួយចំនួនរបស់ជនរងគ្រោះដែលនៅក្នុងម៉ូតូ និងបានរកឃើញម៉ូតូពីរគ្រឿងទៀតដែលពុំមានឯកសារ គឺ១-ម៉ាងហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ១IB-៨៧០១ មានលេខម៉ាស៊ីន៦៦២៣៦៨៤ , ២-ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ១W-៨១៨៥  មានលេខម៉ាស៊ីន៥៥៨៥០៥១។ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ ឆិល ធី បានទិញម៉ូតូពីបក្ខពួករបស់ហង់ ខី ដែលប្លន់បានយកមកលក់អោយដល់ផ្ទះចំនួនបួនគ្រឿង ឆិល ធី លក់ចេញអស់ សល់តែពីរគ្រឿងនេះ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទី កម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆិល ធីម  ដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ដែលមានភិនភាគដូចខាងលើ ។ លុះមកដល់ម៉ោង១៨:០០នាទី ថ្ងៃដដែលសមត្ថកិច្ចបន្ដឃាត់ខ្លួនជនសង្ស័យពីរនាក់ទៀត ឈ្មោះ ឆិល ធី និងជនសង្ស័យឈ្មោះ ចយ បញ្ញា ហៅញ៉ា  ដកហូតវត្ថុតាងបានម៉ូតូចំនួនពីរគ្រឿង ដែលមានភិនភាគដូចខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូម៉ាកស្គូពី ពាក់ស្លាកលេខតាកែវ ១AC -៨៣៣២ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ផ្នែកជំនាញបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ នគរបាលជំនាញបានជម្រាបជូនដល់បងប្អូនណាដែលបានបាត់ម៉ូតូ និងផ្លាកលេខ ដូចដែលមានខាងក្រោមនេះ៖

១-ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានលេខម៉ាស៊ីន៦៦២៣៦៨៤ (មានម៉ូតូតែគ្មានស្លាកលេខ)

២-ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មានលេខម៉ាស៊ីន៥៥៨៥០៥១(មានម៉ូតូតែគ្មានស្លាកលេខ)

៣-ស្លាកលេខភ្នំពេញ១IB-៨៧០១(មានស្លាកលេខតែគ្មានម៉ូតូ)

៤-ស្លាកលេខ តាកែវ ១W-៨១៨៥ (មានស្លាកលេខតែគ្មានម៉ូតូ)

សូមមេត្តាទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញ តាមរយៈប្រព័ន្ធលេខទូរស័ព្ទ ០៧១ ៥៣៧ ៣៨៦៨ -០៩៧ ៧៤៧ ១៣១១ ។ 

សូមភ្ជាប់មកនូវឯកសារ៖ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖