ព័ត៌មានទាន់ហេតុការណ៍៖

លោក វង្សី វិស្សុត៖ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយយ៉ាងប្រត្យក្សនៃការបន្តយកចិត្តទុកដាក់ជាមួយនឹងឆន្ទដ៏មោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការផ្តល់អាទិភាពសំខាន់របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ របស់ អ.វ.ត.ក., បានថ្លែងថា៖ ខ្ញុំបាទសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញធ្វើជាអធិបតីក្នុង «ពិធីដាក់សម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.» ដ៏មហាឡារិក នាថ្ងៃនេះ។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក មីហ្គែល ឌី សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការ ច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ និងគណៈប្រតិភូអង្គការសហប្រជាជាតិដែលបានធ្វើដំណើរពីចម្ងាយ ព្រមទាំងលោក  លោកស្រី សមាជិក-សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងអង្គការសហប្រជាជាតិ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលឆ្លៀតពេលដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយយ៉ាងប្រត្យក្សនៃការបន្តយកចិត្តទុកដាក់ជាមួយនឹងឆន្ទៈដ៏មោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការផ្តល់អាទិភាពសំខាន់របស់រាជរដ្ឋាភិបាលនិង របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផ្ទាល់ លើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានសម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ឱ្យស្វែងយល់អំពីការណ៍ពិតនៃភាពយង់ឃ្នង អមនុស្សធម៌ និងការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងការបណ្តុះស្មារតីស្នេហាជាតិ ការស្រឡាញ់ សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

លោកបន្តថា ៖ ជាការណ៍ពិត, សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះគឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ។ អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព ។ នេះជាសុន្ទរកថាស្វាគមន៍ របស់លោក វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (អ.វ.ត.ក.) ថ្លែងក្នុងពិធី “ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់ អ.វ.ត.ក.» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ នាទីព្រឹក នៅរាជធានីភ្នំពេញ។

លោកបញ្ជាក់ទៀតថា ៖ នីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជន រងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ ៕ ដោយ ៖ សិលា


ចែករំលែក៖