ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងដោយហេតុថានយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបបខ្មែរក្រហម ការផ្សះផ្សាសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរមកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ ៕

ដោយ ៖ សិលា


ចែករំលែក៖