ព័ត៌មានទាន់ហេតុការណ៍៖

ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា យើងមានព័ត៌មានដ៏រំភើបរីករាយដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នាថា ជំរំទោចថ្ពាល់លឿង ចាហ៊ូ បានឈ្នះពានរង្វាន់និរន្តរភាពដ៏ល្បីល្បាញរបស់មូលនិធិ EXO Foundation នៅក្នុងប្រភេទ “Planet – Non-profit/Social Enterprise” និងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៧ ០០០ដុល្លារអាមេរិកផងដែរ។

ពានរង្វាន់ដ៏មានកិត្តិយសនេះបានទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ចាហ៊ូ ក្នុងការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដើម្បីការពារសត្វទោចថ្ពាល់លឿងដ៏កម្រនិងសត្វព្រៃដទៃទៀតរួមជាមួយនិងទីជម្រករបស់ពួកវា។

ក្នុងភាពជោគជ័យនៃការទទួលបានពានរង្វាន់នេះ យើងសូមអរគុណអ្នកទាំងអស់គ្នានិងដៃគូរបស់យើង ដែលបានចូលរួមជួយជ្រោមជ្រែងបោះឆ្នោតឱ្យ ចាហ៊ូ ធ្វើឱ្យចាហ៊ូទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ពាន រង្វាន់ «ជម្រើសរបស់ប្រជាជន» ក្នុងប្រភេទ ‘Planet’  ផងដែរ ដោយទទួលបានសំឡេងឆ្នោតច្រើនជាងគេបំផុតដល់ទៅ៤៤១សំឡេងពីទូទាំងពិភពលោក ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់ចាហ៊ូ យើងនឹងរួមគ្នាបន្តធ្វើឱ្យ ចាហ៊ូ ក្លាយជាសញ្ញាណនៃការអភិរក្សនិងអេកូទេសចរណ៍នៅកម្ពុជា។

យើងសូមអរគុណអស់ពីដួងចិត្តចំពោះអ្នកគ្រប់គ្នាដែលជឿជាក់លើបេសកកម្មរបស់យើង។ ចាហ៊ូក៏សូមថ្លែងអំណរគុណចំពោះការសហការដ៏ល្អពីដៃគូគាំទ្ររួមមានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី USAID មរតកបៃតង អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនស្ដេយ៍ និងសហគមន៍ជនជាតិដើមភាគតិចពូនង។

អង្គការ WCS យើងពិតជាមានមោទនភាពក្នុងការនាំយកពានរង្វាន់ដ៏មានកិត្យានុភាពនេះមកកម្ពុជារបស់យើង! យើងសង្ឃឹមថា ចាហ៊ូ នឹងសម្រេចបាននូវភាពជោគជ័យជាច្រើនទៀតនាពេលខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖