ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ទោ ចៅ ឃីន ជានិវត្តន៍ជនកងរាជអាវុធហត្ថ ដែលបានទទួលមរណភាពនៅវេលាម៉ោង ១៩:២០ យប់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា រាជធានីភ្នំពេញ។
លោកនាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងនាមមេបញ្ជាការ និងក្នុងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងដ៏សែនក្រៀមក្រំស្តីអំពីដំណឹងមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន អតីតស្នងការរង ស្នងការដ្ឋានភស្តុភារ ត្រូវជាស្វាមីរបស់លោកជំទាវ ធន សារិ ។
មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន គឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើម របស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាពនិងចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើង។ មិនតែប៉ុណ្ណោះឯកឧត្តម ជាស្វាមី ជាឪពុក ឪពុកក្មេក និងជាជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រូសារសាច់ញាតិ។
ពេញមួយជីវិតរបស់ឯកឧត្តម បានលះបង់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីគ្រូសារកូនចៅ និងជាតិមាតុភូមិយើងរហូតដល់ជីវិតចុងក្រោយ។ ថ្វីត្បិតរូបកាយរបស់ឯកឧត្តម ត្រូវបាត់បង់ពីលោកយើងនេះក៏ពិតមែន ប៉ុន្តែកិត្តិយស កិត្តិសព្ទ គំរូវីរភាព សេចក្តី ថ្លៃថ្នូរព្រមជាមួយគុណធម៌ សីលធម៌រស់នៅស្ថិតស្ថេរគង់វង្សជានិរន្តន៍។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្នុងមនោសញ្ចេតនា គោរពស្រឡាញ់ សោកស្តាយ ស្រណោះអាឡោះអាល័យបំផុត និងសូមលំឱនកាយវាចាចិត្ត គោរពឧទ្ទិសបួងសួងដល់បុណ្យតេជៈ បារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចៅ ឃីន បានទៅដល់ទីឋានបរមសុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា