ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារ ជូនបងប្អូនមន្ត្រីជាប់កិច្ចសន្យា នៃភ្នាក់ងារចរាចរណ៍ផ្លូវគោក!

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះបានជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសមន្ត្រីជាប់កិច្ចសន្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសរសើរដោយស្មោះចំពោះការលះបង់ ប្រកបដោយឆន្ទៈមោះមុតរបស់បងប្អូនជាមន្ត្រីជាប់កិច្ចសន្យា ក្នុងការចូលរួមយ៉ាងសកម្ម ដោយមិនគិតពីការនឿយហត់ ក្តៅរងា យប់ថ្ងៃ ដើម្បីជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បម្រើឱ្យប្រយោជន៍បងប្អូនប្រជាពលរដ្ឋ។

ជាមួយនឹងការលះបង់ដ៏ថ្លៃថ្លានេះ បងប្អូនមន្ត្រីជាប់កិច្ចសន្យាយើងខ្លះបានស្ម័គ្រចិត្តចូលបម្រើការងារលើវិស័យចរាចរណ៍ ៥ឆ្នាំ ៦ឆ្នាំ ៨ឆ្នាំ និងអ្នកខ្លះរហូតដល់ជាង ១០ឆ្នាំ ក៏មាន ខណៈទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតិចតួចប៉ុណ្ណោះ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សូមបន្តឆន្ទៈដ៏មោះមុត និងប្រកបដោយការលះបង់នេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងសង្គមជាតិទាំងមូល។ និងសូមជូនពរដល់បងប្អូន ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖