ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យមន្ទីរជំនាញពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលចរន្តទឹក ខណៈលំនៅឋានពលរដ្ឋ២០ខ្នង និងស្រូវពង្រោះជិត ៥០ហិកតា បានលិចដោយជំនន់ទឹកភ្លៀង។ ការណែនាំដូចនេះ នៅពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដោយកត្តា អាកាសធាតុមានការប្រែប្រួល និងដោយរដូវនេះជារដូវវស្សាផងនោះ បានធ្វើឱ្យភ្លៀងធ្លាក់បន្តបន្ទាប់ ហើយបានធ្វើឱ្យទីទំនាបមួយចំនួនត្រូវរងការជន់លិច។ ជាក់ស្តែងភូមិព្រៃនូក ឃុំស្នំក្រពើ ជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារស្រែស្រូវ និងលំនៅឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា និងជាច្រើនខ្នង ហើយទន្ទឹមនោះក៏កំពុងគម្រាមកំហែងផ្លូវលំចូលទៅក្នុងភូមិមួយខ្សែផងដែរ។
លោកអភិបាលខេត្តថា ដើម្បីសង្គ្រោះដំណាំស្រូវ និងផ្ទះប្រជាពលរដ្ឋពីជំនន់នេះ មន្ត្រីជំនាញធនធានទឹក និងមន្ទីរសាធារណការ ត្រូវសហការធ្វើយ៉ាងណាកាយបើក មុខទឹកឱ្យបានធំ ដើម្បីឱ្យទឹកហូរចេញពីភូមិទៅផ្នែកខាងក្រោមឱ្យបានលឿន ប្រយោជន៍អាចសង្គ្រោះស្រូវរបស់ពលរដ្ឋបានមួយផ្នែក។ ហើយជាងនេះទៅទៀតមន្ទីរកសិកម្មត្រូវត្រៀមពូជឱ្យបានស្រេច ដើម្បីផ្តល់ជូនប្រជាពលរដ្ឋស្តារឡើងវិញនូវផលដំណាំដែលរងការខូចខាតដោយជំនន់នេះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកគងពិសីនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានជួប និងសំណេះសំណាលជាមួយពលរដ្ឋផងដែរ ដោយក្នុងនោះលោកបានក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ពិសេសកូនចៅ និងមនុស្សចាស់ដែលងាយប្រឈមខ្លាំង។ ទន្ទឹមនោះត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍ ខណៈជួបគ្រោះថ្នាក់ជាយថាហេតុក្នុងគ្រោះទឹកជំនន់នេះ។
លោក ជាម ចន្ទ័សោភ័ណ ប្រាប់ទៅដល់កងកម្លាំងទាំងបីប្រភេទ,មន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានត្រៀមលក្ខណៈឱ្យបានស្រេចនូវមធ្យោបាយសរុប កម្លាំងសរុប ដើម្បីឆ្លើយតបទៅស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពបំផុត ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់ជាយថាហេតុ ហើយមន្ទីរសុខាភិបាលខេត្តក៏ត្រូវត្រៀមថ្នាំសង្កូវ ដើម្បីបង្ការសង្គ្រោះពេលជំនន់មកដល់ ពិសេសថ្នាំសត្វអសិរពិសទិច ឬខាំ។
ចំណែក លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នេះជាជំនន់ទឹកភ្លៀងដំបូងដែលកើតឡើងដោយសារតែភ្លៀងសន្ធាប់៤ថ្ងៃជាប់គ្នានៅផ្នែកខាងលើនៃភូមិសាស្ត្រស្រុកគងពិសី។ ទីតាំងនេះតែងកើតមានជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ករណីនេះដោយសារតែផ្លូវទឹកត្រូវបានរួមតូច ចរន្តទឹកមិនអាចហូរបានលឿន៕
ដោយ៖ សូរិយា