ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រសួងមានកិត្តិយស សូមជម្រាបជូនសាធារណជន ពាណិជ្ជករ និងអ្នកធុរកិច្ច មេត្តាជ្រាបថា ដើម្បីជំរុញ គាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា” ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore ។
ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឱ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង ផ្សារ និងម៉ាតបាន រួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3CORECO ១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈីរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ។
ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ពាណិជ្ជករ និងអ្នកធុរកិច្ច ដែលមានបំណងដាក់តាំងលក់គ្រាប់ ស្វាយចន្ទីដែលកែច្នៃរួចនៅតាមបណ្តាផ្សារទំនើប និងម៉ាតខាងលើ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ដែលបានភ្ជាប់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕
ដោយ៖ តារា