ព័ត៌មានទាន់ហេតុការណ៍៖

ICJ ៖ ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើដែនដីប៉ាឡេស្ទីន គឺជាទង្វើខុសច្បាប់អន្តរជាតិ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ការត្រួតត្រាអស់រយៈពេលរាប់ទសវត្សរ៍មកហើយរបស់អ៉ីស្រាអែល លើដែនដីប៉ាឡេស្ទីន គឺជាទង្វើខុសច្បាប់អន្តរជាតិ ហើយចាំបាច់ត្រូវតែបញ្ឈប់ឱ្យបានឆាប់រហ័ស។
លោក Nawaf Salam ប្រធានតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ ដែលជាតុលាការកំពូលរបស់ UN បានលើកឡើងថា តុលាការបានរកឃើញថា ការបន្តវត្តមានរបស់អ៉ីស្រាអែលនៅលើដែនដីប៉ាឡេស្ទីនរួមមាន West Bank និង East Jerusalem គឺជាសកម្មភាពបំពានច្បាប់អន្តរជាតិ ដូច្នេះហើយអ៉ីស្រាអែលចាំបាច់ត្រូវបញ្ចប់វត្តមានខុសច្បាប់របស់ខ្លួន នៅតាមដែនដីប៉ាឡេស្ទីនឱ្យបានឆាប់រហ័សតាមតែអាចទៅរួច។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមហាសន្និបាត UN បានស្នើមកកាន់តុលាការ ICJ តាំងតែពីចុងឆ្នាំ២០២២ ឱ្យផ្តល់ការយល់ឃើញលក្ខណៈណែនាំមួយ ជុំវិញការត្រួតត្រារបស់អ៉ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានកាន់កាប់តំបន់ West Bank, Gaza Strip និង East Jerusalem ដែលជាដែនដីប៉ាឡេស្ទីនចង់បង្កើតជារដ្ឋឯករាជ្យមួយ អំឡុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ហើយចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានសង់ទីលំនៅជនជាតិជ្វីហ្វ ក្នុងតំបន់ West Bank ហើយបានពង្រីកការសាងសង់ជាលំដាប់។ បច្ចុប្បន្នតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន កំពុងស្ថិតក្រោមការធ្វើសង្រ្គាមរបស់អ៉ីស្រាអែលដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣។
បណ្តាមេដឹកនាំអ៉ីស្រាអែល បានប្រកែកថា ដែនដីទាំងនោះមិនមែនស្ថិតក្រោមការត្រួតត្រាឡើយ បើនិយាយតាមផ្លូវច្បាប់ ដ្បិតពួកវាជាដីដែលមានបញ្ហាវិវាទ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិ ចាត់ទុកថា ដែនដីទាំងនោះគឺជាដែនដីរបស់ប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Shutterstock


ចែករំលែក៖