ខេត្តរតនគិរី៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រសួង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននិងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុមការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្តល់យោបល់បច្ចេកទេសពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ក្នុង ចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុល នៅពេល បរិភោគ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ដូចខាងក្រោម ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះ ថ្នាក់រហូតបាត់បង់ជីវិត ដោយត្រូវ៖
មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬសូម ស្វែងរក សាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព។
ចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ មុនបរិភោគ។
ប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួល ទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ។
រោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមានដូចជា ចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡះឡះរហូតដល់ អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ ជាតិពុលខ្លះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។ អ្នក ពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នក បំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។
ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់បងប្អូនពលរដ្ឋគ្រប់រូបអនុវត្តតាមការណែនាំខាងលើ និង សូមបន្តផ្សព្វផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ ញាតិមិត្ត ដើម្បីចៀសផុតពីការឈឺ គ្រោះថ្នាក់ដល់ជីវិតដោយ សារការបរិភោគផ្សិតពុល និងសូមមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយ និងធ្វើការណែនាំ អប់រំ ការអនុវត្តវិធានការខាងលើ ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ តារា