ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការ វិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml (ដូចមានរូបភាពផលិតផលភ្ជាប់មកជាមួយ) ដែលផលិត ដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អឹមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀង រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិត ខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការ ជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង គឺ ទី១. សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អឹមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និង ទី២. ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធផងដែរ។
ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំទទួលទានស្រាទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករឈប់ចែកចាយ ឬ លក់ស្រាទាំងនេះ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តារាជធានី-ខេត្ត បន្តសហការ ណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង ៣ ប្រភេទខាងលើឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់។
ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា