ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការិយាល័យគ្រឿងញៀនស្ទឹងត្រែងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឡោមព័ទ្ធឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៤កក្កដា២០២៤កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនថ្នាក់ដឹកនាំផែនការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងទៅពន្ធនាគារតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការក្រោយប្រតិបត្តិការស៊ើបអង្កេតចុះបង្ក្រាបជាបន្តបន្ទាប់ក្នុងករណី ពាក់ព័ន្ធគ្រឿងញៀន។

ផ្ទះប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្ត

ស្ទឹងត្រែង ដែលកម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការឡោមព័ទ្ធកាលពីរសៀលថ្ងៃទី២១កក្តដា ២០២៤ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

 យោងតាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីកម្លាំងកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។

ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធប្រធាននិងអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀនចំនួនពីរនាក់ថែមទៀតផង។

បន្ទាប់ពីការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀតកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានការិយាល័យចំនួនពីរនាក់ទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារហើយ នៅរសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤នេះ។

លោក អូត ស៊ីវត្ថា ស្នងការនគបាលខេត្តស្ទឹងត្រែងបាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤កក្តដា២០២៤នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

 លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។

ចំណែកវត្ថុតាងរឹបអូសរួមមាន ៖ ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ),ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លារ),គ្រឿងញៀនចំនួន៣,១៧ក្រាម ,ទូរស័ព្ទដៃ៥គ្រឿង ,រថយន្តម៉ាកហាយឡេនឌ័រ១គ្រឿង និង អាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់ផងដែរ។

តាមប្រភពបានឱ្យដឹងថា សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យ ៣នាក់ ត្រូវបានគេស្គាល់ គឺ 

១.ឈ្មោះ ចែម ផានិត មានឋានៈវរសេនីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ។

ទី២.ឈ្មោះ ចាន់ រដ្ឋា ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ។

ទី៣.ឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖