ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយកិច្ចក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសក្នុងខែមិថុនាកន្លងមកនេះ ដែលបានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍កើនឡើង ដូច្នេះស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំបែបនេះក្នុងខណៈកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ របស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានលើកឡើងថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សូមកោតសរសើរកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយកិច្ចក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសដែលធ្វើឱ្យ បទល្មើសព្រហ្មទណ្ឌថយចុះ ដោយនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន៣៧លើក/៤២លើក ថយចុះ ៥លើក ស្មើនឹង១១.៩០% ជាមួយនឹងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣៤ករណី ឃាត់ខ្លួន៤១នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀនបាន១៨១ករណី ឃាត់ខ្លួន ជនសង្ស័យបាន៣៨៤នាក់។ បានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ប៉ុន្តែ បែរជាគ្រោះថ្នាក់ចរាចរណ៍កើនឡើងទៅវិញ ពោលគឺនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៨៣លើក/៦៩លើក កើនឡើង ១៤លើក ស្មើនឹង ២០,២៨%។
លោកហួត ហៃ បានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ជារឿងធំមួយ ដោយក្នុងមួយថ្ងៃវាបានសម្លាប់មនុស្សពី៥ទៅ៦នាក់នៅទូទាំងប្រទេស ហើយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់។ ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ខ្លាំងដែរ សំដៅធ្វើយ៉ាងណាអោយគ្រោះថ្នាក់ចរាចរណ៍ទាំងនេះត្រូវបានកាត់បន្តយ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ បានពិនិត្យនិងអនុម័តលើរបៀបវារៈចំនួន៨ ក្នុងនោះរួមមាន៖ទី១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ទី២- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ទី៣-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ។ ទី៤-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពប្រធាន- អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។ ទី៥- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ។ទី៦- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មការរៀបចំគម្រោងរាជធានីភ្នំពេញ។ ទី៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ។ ទី៨- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ៕
ដោយ ៖ សំរិត