ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអុីស្រាអែល ហៅក្រុមបាតុករប្រឆាំងរូបលោក ជាឧបករណ៍របស់អ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានថ្កោលទោសក្រុមបាតុករទាមទារបទឈប់បាញ់ហ្កាហ្សា ហើយអំពាវនាវឱ្យមានសម្ព័ន្ធភាពសកលមួយដើម្បីប្រឆាំងនឹងរបបដឹកនាំអ៉ីរ៉ង់ ដែលលោកចោទថាជាអ្នកផ្ដល់លុយកាក់ដល់ក្រុមបាតុករប្រឆាំងនឹងរូបលោក។

លោក Netanyahu បានថ្កោលទោសក្រុមបាតុករប្រឆាំងនឹងរូបលោក អំឡុងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធទី២៤ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោកបានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់បានផ្ដល់លុយនិងជំរុញឱ្យមានបាតុកម្មប្រឆាំងអ៉ីស្រាអែលនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានហៅ ក្រុមសកម្មជនសន្តិភាពហ្កាហ្សាគឺជាឧបករណ៍ដ៏ល្ងង់ខ្លៅរបស់អ៉ីរ៉ង់ផងដែរ។

តាមលោក Netanyahu បច្ចុប្បន្នសហរដ្ឋអាមេរិកនិងអ៉ីស្រាអែលគួរតែបង្កើតសម្ព័ន្ធភាពសន្តិសុខមួយក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការកើនឡើងការគំរាមកំហែងពីអ៉ីរ៉ង់។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះក៏បានបន្ថែមដែរថា បណ្ដាប្រទេសទាំងអស់ដែលមានសន្តិភាពជាមួយអ៉ីស្រាអែលគួរតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះ។

ដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិក ធ្វើឡើងចំពេលប្រជាជន រួមទាំងអ្នកនយោបាយអាមេរិកកំពុងមានការខ្វែងគំនិតគ្នាចំពោះការគាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា នៅចំពោះមុខការកើនឡើងចំនួនជនស៊ីវិលស្លាប់ជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែង លោក Netanyahu បានបាត់បង់ការគាំទ្រពីសមាជិកសភាមួយចំនួនក្នុងគណបក្សប្រជាធិបតេយ្យ ដោយសមាជិកសភាប្រជាធិបតេយ្យប្រហែល៦៨រូបសម្រេចចិត្តមិនចូលរួមស្តាប់សុន្ទរកថារបស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖