ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្ត Lexus RX300 ទៅបុកគូទរថយន្ត Ford Ranger ពីក្រោយរងការខូចខាត

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តម៉ាក Lexus RX300 មួយគ្រឿងបេីកបរដោយនារីម្នាក់ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Ford Ranger បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបេីកគេចតែត្រូវម្ចាស់រថយន្ត Ford ឃាត់ជាប់ ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរនាវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

      តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-7657 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមាននារីស្រស់ស្អាតម្នាក់ទៀតបើករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2Y-2458 ធ្វេីក្នុងល្បឿនលឿនស្របទិសគ្នានិងរថយន្ត Ford Ranger បុកចំពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងរថយន្តបង្ក និងរថយន្តរងគ្រោះ ។ ភ្លាមៗនារីរូបស្រស់ខាងលេីបានព្យាយាមបើករថយន្តរត់គេចពីទីតាំងកេីតហេតុប្រហែលជា ៣០០ម៉ែត្រ តែត្រូវបានម្ចាស់រថយន្តរងគ្រោះម៉ាក ford ranger ដេញកាក់ពីមុខរថយន្តជាប់ ។ 

    ក្រោយមក ម្ចាស់រថយន្តរងគ្រោះម៉ាក Ford Ranger បានរាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វេីការវាស់វែង ដើម្បីយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖