អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។
គេហទំព័រ «CCFR China state-controlled media » បានលើកថា ៖ ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។
ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក មិនមែនត្រូវបានជ្រើសរើសដោយផ្ទាល់ដោយអ្នកបោះឆ្នោតនោះទេ។ អ្នកបោះឆ្នោតរបស់អាមេរិកគឺ”ត្រូវភ្ញាក់ខ្លួន”នៅពេលពួកគេបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោត អ្នកបោះឆ្នោតក៏បានស្ថិតនៅក្នុង”ដំណាក់កាលស្ងប់ស្ងាត់”ដែរ។មិនថាបក្សមួយណាជាប់ឆ្នោតក៏ដោយ អ្នកនយោបាយដែលទើបជាប់ឆ្នោតថ្មីបានត្រឹមតែសន្យាតែមាត់ ប៉ុន្តែមិនដោះស្រាយបញ្ហាជាក់ស្តែងនោះឡើយ។ប្រព័ន្ធនយោបាយរបស់អាមេរិកមិនអាចឆ្លើយតបទៅនឹងអ្នកបោះឆ្នោតក្នុងរយៈពេលយូរឡើយ ផ្ទុយទៅវិញបានបោកប្រាស់អ្នកបោះឆ្នោត វាមុខជានឹងនាំឱ្យអ្នកបោះឆ្នោតមិនពេញចិត្តជាមិនខាន។ ពេលថ្មីៗនេះ តាមការស្ទង់មតិមួយរបស់ស្ថាប័នស្ទង់មតិGallupបង្ហាញឱ្យឃើញថា មានមនុស្សពេញវ័យអាមេរិកត្រឹមតែ២៨ភាគរយតែប៉ុណ្ណោះដែលបានសម្តែងការពេញចិត្តចំពោះស្ថានភាពប្រជាធិបតេយ្យរបស់អាមេរិក ដែលបានបំបែកកំណត់ត្រាទាបបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅពេលដែលនយោបាយអាមេរិកត្រូវបានចាប់ជំរិតដោយក្រុមជ្រុលនិយមមួយចំនួនតូចពីមួយថ្ងៃទៅមួយថ្ងៃ នោះផលប្រយោជន៍របស់ប្រជាជនអាមេរិកភាគច្រើនដាច់ខាតមុខជានឹងរងការខាតបង់ជាមិនខាន។ តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធរបស់អាមេរិកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបង្ហាញថា នៅប្រទេសអាមេរិក មានប្រជាជន៣៧.៩លាននាក់រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ មានមនុស្សជាង៦៥ម៉ឺននាក់គ្មានទីជម្រក មនុស្សចំនួនជាង១សែននាក់បានស្លាប់បាត់បង់ជីវិតដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិតក្នុងមួយឆ្នាំ ហើយមនុស្សចំនួនប្រហែល៤ម៉ឺន៣ពាន់នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្រឹត្តិការណ៍អំពើហិង្សាដោយកាំភ្លើងក្នុងមួយឆ្នាំ។ល។
លើសពីនេះទៀត ការបែកបាក់គ្នាខាងនយោបាយដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃបានបណ្តាលឱ្យសង្គមអាមេរិកប្រេះស្រាំកាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវទំនុកចិត្តរបស់ប្រជាជនអាមេរិកថែមមួយកម្រិតទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវPewដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិកបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១០ខែកក្កដាថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា មានប្រជាជនអាមេរិកត្រឹមតែ១៩ភាគរយប៉ុណ្ណោះទេដែលជឿជាក់យ៉ាងមុតមាំថា នយោបាយប្រជាធិបតេយ្យរបស់អាមេរិកគឺជាគំរូសម្រាប់ប្រទេសដទៃទៀតធ្វើត្រាប់តាម ផ្ទុយទៅវិញ មានប្រជាជនអាមេរិក៧២ភាគរយយល់ឃើញថា”ប្រជាធិបតេយ្យបែបអាមេរិក”ធ្លាប់មានភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែឥឡូវនេះ វាលែងគួរឱ្យកោតសរសើរទៀតហើយ។
ទោះបីជាប្រជាធិបតេយ្យអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងក៏ដោយ ក៏ប៉ុន្តែអាមេរិកមិនបានគិតពិចារណាពីកំហុសរបស់ខ្លួននោះទេ ហើយនៅតែបន្តនាំចេញទស្សនៈតម្លៃប្រជាធិបតេយ្យបែបអាមេរិកទៅកាន់ពិភពលោក ដោយប្រើប្រាស់បញ្ហាប្រជាធិបតេយ្យមកគាបសង្កត់ប្រទេសដទៃ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យការបែកបាក់គ្នានៃសហគមន៍អន្តរជាតិនិងការបដិបក្ខជាក្រុមមានសភាពកាន់តែធ្ងន់ធ្ងរ។ការផ្សព្វផ្សាយ”លទ្ធិម៉ុនរ៉ូថ្មី”នៅអាមេរិកឡាទីន ញុះញង់អុជអាលឱ្យមាន”បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី រៀបចំយ៉ាងម៉ត់ចត់នូវអ្វីដែលហៅថា”និទាឃរដូវអារ៉ាប់”នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង។ល។
ពេលបច្ចុប្បន្ននេះ អ្នកផងទាំងឡាយបានមើលឃើញកាន់តែច្បាស់លាស់ថា ធាតុពិតនៃប្រជាធិបតេយ្យបែបអាមេរិក គឺជាការធានាបាននូវការគ្រប់គ្រងផ្ទៃក្នុងរបស់មនុស្សមួយចំនួនតូច និងគាំពារអនុត្តរភាពរបស់ពួកគេចំពោះបរទេស ដែលវានៅសែនឆ្ងាយពីប្រជាធិបតេយ្យពិតប្រាកដ។ប្រជាធិបតេយ្យបែបនេះមិនត្រូវការក៏បានដែរ! ៕
ដោយ ៖ សិលា