ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ លើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពជំនាញបន្ថែមទៀត

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពពាមរក៍។

ក្នុងឱកាសចុះពិនិត្យ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។ ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។

ក្នុងការចុះពិនិត្យនេះ សមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មានលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង អភិបាលស្រុក អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៕

ដោយ​៖ តារា​


ចែករំលែក៖