ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ស្វាគមន៍ ការបោះឆ្នោតប្រធានាធិបតីអាមេរិក

ចែករំលែក៖

សារព័ត៌មាន Bloomberg បានដកស្រង់ ការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងជើង ប្រហែលជាអាចនឹងពិចារណាលើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅកៀកនឹងថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ខណៈលោក គីម ជុងអ៊ុនសម្ញែងក្បាលគ្រាប់នុយក្លេអ៊ែរថ្មីមួយមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងតំបន់អាស៊ី។រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Wonsik ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៨ ខែកក្កដា ធ្វើឡើងក្នុងទីក្រុងទីក្រុងតូក្យូ ជាទីដែលលោក ធ្វើទស្សនកិច្ចដើម្បីចុះកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក និងជប៉ុន លើកិច្ចសហប្រតិបត្តិការសន្តិសុខដែលរួមមានបញ្ចូលទាំងការធ្វើសមយុទ្ធយោធារួមគ្នា។ លោក Shin Wonsik បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ រង់ចាំតែការសម្រេចចិត្តណាមួយតែប៉ុណ្ណោះ … ហើយ យើងក៏មិនអាចច្រានចោលនោះដែរនូវលទ្ធភាពដែលការសម្រេចចិត្តនេះអាចនឹងធ្វើឡើងនៅមុន ឬនៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដើម្បីលើកមុខមាត់ ឬឥទ្ធិពល ប្រឆាំងនឹងសហរដ្ឋអាមេរិក»។
កូរ៉េខាងជើង ជារឿយៗតែងតែដឹកនាំការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ នៅពេលមានព្រឹត្តិការណ៍ធំកើតឡើងនៅលើពិភពលោក។ កូរ៉េខាងជើងបានធ្វើតេស្ដ អាវុធនុយក្លេអ៊ែរលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរនៅពេលនោះត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថាមានកម្លាំងផ្ទុះ ពី១២០ ដល់ ២៥០គីឡូតោន៕ ដោយ៖ ធីរីណា

រូបថត​៖ vtcnews


ចែករំលែក៖