ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសន្និធិអាវុធសម្រាប់ប្រហារ (ដាវ) ពាក់ព័ន្ធនឹងក្រុមក្មេងទំនើង

ចែករំលែក៖

ខេត្ត​កំពត​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅល្ងាចថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពតបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦០៧ ចុះថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពតទាក់ទិននឹងករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន និងសន្និធិអាវុធសម្រាប់ប្រហារ បង្កឡើងដោយជនត្រូវចោទចំនួន ០៣នាក់ ១.ឈ្មោះ លឹម ពីញហាវ ហៅ តឿ ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ឃុន សុធី ភេទប្រុស អាយុ ១៩ឆ្នាំ និង៣.ឈ្មោះ ខន សុខនៃ ហៅ ប៊ី ភេទ ប្រុស អាយុ ១៦ឆ្នាំ ប្រព្រឹត្តនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ មាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ ។ 

ក្នុងសំណុំរឿងនេះ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួនបី នាក់ ដោយបានដកហូតវត្ថុតាងសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០៣(បី)កញ្ចប់ ទម្ងន់ ២,៧៤ក្រាម(ថ្លឹង ទាំងសំបកថង់) ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក Vipro ពណ៌ទឹកមាស ម៉ូតូចំនួន ០១គ្រឿង ម៉ាក TODAY ពណ៌ទឹក សមុទ្រ ពាក់ផ្លាកលេខ កណ្តាល 1Z-3491 ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវចំនួន ០១ដើម រួច បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពតបានបើកការចោទប្រកាន់លើជនត្រូវចោទទាំងបីនាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤៧៦/ ដ.ស.ស ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។

បន្ទាប់ពីចៅក្រមស៊ើបសួរបានសួរចម្លើយជនត្រូវចោទទាំងបីនាក់ ព្រមទាំងបានពិនិត្យភស្តុតាងដែលមានក្នុងសំណុំ រឿងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ១.ឈ្មោះ លឹម ពីញហាវ ហៅ តឿ ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ឃុន សុធី ភេទប្រុស អាយុ ១៩ឆ្នាំ ៣.ឈ្មោះ ខន សុខខៃ ហៅ ប៊ី ភេទ ប្រុស អាយុ ១៦ឆ្នាំ នៅពន្ធនាគារខេត្តកំពត ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

ដោយ៖ តារា


ចែករំលែក៖