ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនានិងបរិហារកេរ្តិ៍

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនានិងបរិហារកេរ្តិ៍នៅស្រុករំដួល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០២ខែសីហាឆ្នាំ២០២៤ ស្ថិតនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះអ៊ុយ សម្បត្តិ ហៅឃ្លីល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល។ចំណែកជនរងគ្រោះមានឈ្មោះ ផាត់ ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបន្តថា ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេកថា មានឈ្មោះ អ៊ុយ សម្បត្តិ  បានផឹកស្រាស្រវឹងមករករឿងជេរប្រមាថនិងបរិហារកេរ្តិព្រមទាំងយកដុំថ្មនិងកំប៉ុងស្រាបៀរគប់ចូលផ្ទះរបស់ខ្លួនបណ្ដាលអោយត្រូវម្រាមជើងខាងស្តាំនិងស្មងជើងដាច់ហូរឈាមបណ្ដាលឱ្យរងរបួសស្រាល។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយចេកបានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនខាងលើកំពុងស្រែកជេរនិងបាននាំមកប៉ុស្តិ៍រដ្ឋបាលស្វាយចេកដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាយកដុំថ្មនិងកំប៉ុងស្រាបៀរគប់ទៅលើជនរងគ្រោះត្រូវចំស្មងជើងខាងស្ដាំនិងជេរប្រមាថបរិហារកេរ្តិ៍ពិតប្រាកដមែន។

បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកអធិការបានរាយការណ៍សុំយោបល់លោកស្នងការនគរបាលខេត្តស្វាយរៀង និងរាយការណ៍សុំយោបល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យ។សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុមកពីជនសង្ស័យស្រវឹងស្រានិងមានគំនុំជេរប្រមាថគ្នាពីមុនមក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕ ដោយសុថាន


ចែករំលែក៖