ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយដ៏សំខាន់ ដែលប្រើប្រាស់ប្រជាជនដើម្បីការពារដីធ្លី ជាពិសេស ក្នុងការទប់ស្កាប់ការទន្រ្ទានដីធ្លី ហើយក្នុងនោះ ទិសដៅធំគឺក្នុងភូមិភាគឦសាន ក៏ដូចជានៅទិសសំខាន់មួយចំនួនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានរៀបចំផែនការនេះរួចហើយ ហើយកិច្ចការងារនេះនឹងត្រូវផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្រ្ទានដីធ្លី និងបញ្ហាប្រជាភិថុតិអត់ដី ពោលគឺជាការបាញ់ព្រួញមួយបានសត្វពីរ ហើយបើសិនមានការព្រួយបារម្ភរឿងបាត់ទឹកដីទៀត គោលនយោបាយនេះក៏នឹងជួយពន្លត់ផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយនឹងបាវចនា៥គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។

សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងស្មារតីនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ កម្មវិធីនយោបាយអទិភាពចំនួន៦ ដែលសុទ្ធតែផ្ដោតការសំខាន់លើកត្តាមនុស្ស។ ជាក់ស្ដែងដូចជា ការផ្ដល់ការថែទាំងសុខភាព ឆ្ពោះទៅកម្មវិធីគ្រប់ដណ្ដប់សុខភាពជាសកល, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនជាង១លាន៥សែននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើស្ថានូវនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលនឹងគ្រប់ដណ្ដប់លើប្រជាជន សរុបប្រមាណ៤លាន៣សែននាក់ ការដាក់ចេញ និងការចំរុញការអនុវត្តន៍ យុទ្ធសាស្រ្ដអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពី ប្រព័ន្ធគាំទ្រសង្គមផ្លូវការ ៕

ដោយ ៖ សិលា


ចែករំលែក៖