ខេត្តតាកែវ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០៥គ្រឿង ដោយយកតាមខ្លួននូវដាវកែច្នៃចំនួនមួយដើម ស្ថិតនៅក្នុងភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ត តាកែវ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះឆន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ផា ភាព ហៅ ពក ភេទប្រុស អាយុ២៤ឆ្នាំ ។ ចំណែកឯជនសង្ស័យ ឈ្មោះ អ៊ុត ឡាត់ ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ មាន ចំរើន ហៅ ខ្លី ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ ញ៉ សុភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ វទ្ធី ហុង ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ នូរ ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ និង បក្ខពួកផ្សេងទៀតបានគេចខ្លួន ។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឆន វណ្ណា, ឈ្មោះ ផា ភាព ហៅ ពក, ឈ្មោះ អ៊ុត ឡាត់,ឈ្មោះ មាន ចំរើន ហៅ ខ្លី, ឈ្មោះ ញ៉ សុភ័ក្ត្រ, ឈ្មោះ វទ្ធី ហុង, ឈ្មោះ នូរ ម៉េងលី និងបក្ខពួក ពី បទ៖ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុក បាទី ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ៕ដោយ៖តារា