ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនក្រុមចោរជំនាញដែលល្បី«ធាក់ម៉ូតូផ្ដួលហើយប្លន់» ចំនួន៤នាក់ ទៅតុលាការហើយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បក្ខពួកក្រុមចោរដែលល្បីជំនាញជិះតាមជនរងគ្រោះហើយ«ធាក់ផ្ដូលប្លន់យកម៉ូតូ» នៅតាមដងផ្លូវនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវ ជ្រាវរហូតឃាត់ខ្លួនបានចំនួន០៤នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ កាល ពីថ្ងៃទី ០៧ ខែកក្កដា  បន្ទាប់ពីការសាកសួរត្រូវបានបញ្ចប់តាមនីតិវិធី ។

ក្រុមជនសង្ស័យក្នុងអំពើប្លន់ទាំង០៤នាក់នោះ ត្រូវបានកម្លាំងជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ០៥ និងទី០៦ កក្កដា នៅក្នុងក្រុងបាត់ដំបង ។ បើតាមរបាយការណ៍ ការឃាត់ខ្លួនក្រុមចោរ ប្លន់យកម៉ូតូអ្នក ដំណើរតាមដងផ្លូវនេះ  ធ្វើឡើងក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មាន និងកំណត់បាននូវមុខសញ្ញាក្រុមចោរ«ប្លន់»នេះ ដែលបានប្រព្រឹត្តបទល្មើសប៉ុន្មានលើកចុងក្រោយនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងអំឡុងដើម និងចុងខែមិថុនា  ឆ្នាំ២០២៦ នេះ ។

របាយការណ៍អាវុធហត្ថខេត្តបានឲ្យដឹងថាក្រុមចោរស្ទាក់ ប្លន់ម៉ូតូតាមដងផ្លូវទាំង០៤នាក់នេះ រួមមាន៖ ១-ឈ្មោះខ្នុយ រម្យ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរតាព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ចាប់បាននៅបាត់ដំបង) ២-ឈ្មោះ កែវ ណារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ  នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង៣-ឈ្មោះ គុន កុម្ភៈ ភេទប្រុស អាយុ១៨ឆ្នាំ និង៤-ឈ្មោះ ស៊ឹម ស៊ីង ភេទប្រុស អាយុ២៥ឆ្នាំ ជន២នាក់នេះនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី។

ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបានដកហូតយកម៉ូតូ០១គ្រឿង កាំភ្លើងកែច្នៃ០១ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ យោងតាមចម្លើយសារភាពត្រួសៗនៅចំពោះមុខសមត្ថកិច្ច៖ ក្រុមនេះធ្លាប់ធ្វើសកម្មភាពចេញ «ប្លន់យកម៉ូតូ» អ្នកដំណើរតាមដងផ្លូវចំនួន០៣លើក  ក្នុងខែមិថុនាកន្លងទៅនេះ  មុនពេលត្រូវកម្លាំងកងរាជ អាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួន ។ លើកទី១ មិនចាំថ្ងៃទេ ប៉ុន្តែនៅក្នុងដើមខែមិថុនា  ពួកគេនិងបក្ខពួក០២នាក់ (ចោរដូចគ្នានៅប៉ោយប៉ែត)  បានចេញធ្វើសកម្មភាព «ប្លន់យកម៉ូតូ» បានសម្រេច០១គ្រឿងពីស្ត្រីម្នាក់ដែលកំពុងជិះនៅម្ដុំរង្វង់មូលផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត នៅវេលាទៀបភ្លឺ ។

ម៉ូតូនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ហើយយកទៅលក់នៅកន្លែងអ្នកទទួលទិញនៅក្នុងក្រុងប៉ោយប៉ែតនោះតែម្ដងបានតំលៃ៦០០ដុល្លារ ។ លើកទី២-ពួកគេបានចេញ«ប្លន់» នៅម៉ោងប្រហែល១១យប់ថ្ងៃទី២៤ មិថុនា ។  ពេលនោះ ពួកគេបានជិះដេញតាមកៀរស្ត្រី០២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យដួលធ្លាក់ប្រឡាយទឹក  ប៉ុន្តែពួកគេមិនបាន«ប្លន់យកម៉ូតូ»នោះទេ ព្រោះលើកម៉ូតូចេញពីប្រឡាយមិនរួច ។ ម៉ូតូនោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ។  លើកទី៣ រយៈពេលប្រហែល០១ម៉ោងក្រោយ  បន្ទាប់ពីធ្វើសកម្មភាព«ប្លន់»មិនបានសម្រេចលើកទី២ ក្រុមដដែលនេះ បានបន្តធ្វើសកម្មភាពជាថ្មីម្ដងទៀត  នៅវេលារំលងអធ្រាត្របន្តិច  ឈានចូលថ្ងៃទី២៥ មិថុនា  ពួកគេបានជិះម៉ូតូដេញតាមធាក់ «ប្លន់យកម៉ូតូ» ពីយុវជនម្នាក់រហូតបានសម្រេច នៅចំណុចភូមិតាសី  ឃុំតាម៉ឺន ស្រុកថ្មគោលដដែល ។ ម៉ូតូដែលប្លន់បាននោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ។

ផ្អែកចម្លើយសារភាពរបស់ពួកគេ សកម្មភាព«ប្លន់ម៉ូតូ»ជាទូទៅជិះម៉ូតូដេញតាម រួចធាក់ផ្ដូលហើយ«ប្លន់»តែម្ដង  បើជនរងគ្រោះណាថ្លើមធំ ហ៊ានតដៃ«កាប់» នេះជាជំនាញពិតប្រាកដរបស់ពួកគេ ដែលក្រុមចោរជិះម៉ូតូដេញ«ប្លន់ម៉ូតូពីអ្នកដំណើរតាមដងផ្លូវពេលរាត្រី ។

តាមសមត្ថកិច្ចដែលសួរចម្លើយក្រុមចោរហារយ«ប្លន់» តាមដងផ្លូវនេះបានឲ្យដឹងថា ក្រុមចោរនេះបានរៀបផែនការជាមុន មុនពេលចេញ«ប្លន់» ។  ពួកគេបានបែងចែកជារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ និងច្បាស់លាស់បំផុត ។  នេះបើយោងតាមចម្លើយសារភាព ។ ពេលចេញធ្វើសកម្មភាព ពួកគេទាំង០៤នាក់ បានបែងចែកមុខជំនាញរៀងៗខ្លួន ។ក្នុងនោះអ្នកឌុបត្រូវចេះធាក់ម៉ូតូជនរងគ្រោះផ្ដូល ពេលជនរងគ្រោះដួលត្រឡប់ ត្រឡិនហើយ អ្នកជិះកណ្ដាលត្រូវហក់ចុះឲ្យលឿនទាញយកម៉ូតូជនរងគ្រោះជិះចេញពីកន្លែងកើតហេតុ ។

ដោយឡែក អ្នកជិះខាងក្រោយ ដែលមានកាំបិតក្នុងដៃផង ត្រូវកាប់ទៅលើជនរងគ្រោះភ្លាមៗ  ដោយគ្មានបង្អង់យូរ ឬញញើតដៃឡើយ  ប្រសិនហ៊ានតដៃប្រទាញ ប្រទង់ជាមួយពួកគេ ។  នេះជាយុទ្ធសាស្ត្រលោកចោរ នៅពេលពួកគេចេញបេសកកម្មលើដងផ្លូវម្ដងៗ ។ ប៉ុន្តែយ៉ាងណា  បើតាមសមត្ថកិច្ចបានផ្ដល់ដំណឹងចុងក្រោយថា«ក្រុមចោរដែលមានជំនាញជិះធាក់ជនរងគ្រោះប្លន់ម៉ូតូពីអ្នកដំណើរតាមដងផ្លូវមួយសំបុកនេះ ត្រូវបានបញ្ជូនចូលគុកហើយ តាមអំណាចតុលាការ» ៕


ចែករំលែក៖