ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ពិធីសនិ្នសីទសារព័ត៌មាន ព្រឹត្តិការណ៍ GUMBALL3000 នៅប្រទេសកម្ពុជា
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២រសៀលតទៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលរៀបចំសម្របសម្រួលដោយ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ចូលរួមដោយសេរី និងជួបផ្ទាល់វត្តមាន ឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោក Maximillion Cooper សហស្ថាបនិក GUMBALL3000 និងវត្តមាន លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយការដាក់តាំងបង្ហាញរថយន្តទំនើបៗ និងការចូលរួមសម្ដែងពីសិល្បករល្បីៗជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។ ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាការចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រនៃតំបន់សៀមរាបអង្គរទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរីហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។
តស់ ចង់ដឹងកាន់តែច្បាស់ថា នឹងមានអ្វីរឹតតែពិសេសនៅក្នុងថ្ងៃកម្មវីធី កុំភ្លេចចូលរួមទាំងអស់គ្នា! ៕
ដោយ ៖ សិលា