ព័ត៌មានទាន់ហេតុការណ៍៖

រដូវវស្សាប្រចាំឆ្នាំ ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា 

ចែករំលែក៖

ភ្នំពេញ ៖ រដូវវស្សាប្រចាំឆ្នាំ ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបញ្ចប់រដូវវស្សា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដោយផ្អែក លើការតាមដាននិងវិភាគទៅលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាង លិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ប្រព័ន្ធសម្ពាធបរិយាកាសទិសដៅខ្យល់ មូសុងនិរតី និងការវិវត្តនៃប្រព័ន្ធពពកទឹកភ្លៀងក្នុងតំបន់ និងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើង នៃឥទ្ធិពលខ្យល់មូសុងឦសាន ព្រមទាំងការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ នឹងធ្វើឱ្យរដូវវស្សាប្រចាំឆ្នាំ ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃ ប្រទេសកម្ពុជា។

យោងតាមការវិវត្តប្រែប្រួលដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាស និង អាកាសធាតុ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

ដោយ ៖ សិលា


ចែករំលែក៖