ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលឆាប់ៗ អ៉ីរ៉ង់នឹងបញ្ជូនមីស៉ីលបាលិស្ទីគរាប់រយគ្រាប់ឱ្យរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា តាមប្រភពពីបណ្តាញស៉ើបការណ៍សម្ងាត់អឺរ៉ុប បានបង្ហើបឱ្យដឹងថា នាពេលនេះ កងទ័ពរុស្ស៉ីមួយចំនួន កំពុងទទួលការហ្វឹកហាត់នៅប្រទេសអ៉ីរ៉ង់ ដើម្បីប្រើប្រាស់ប្រព័ន្ធមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី Fath-360 ហើយពួកគេរំពឹងថា សព្វាវុធទាំងនោះនឹងត្រូវបញ្ជូនក្នុងចំនួនរាប់រយគ្រាប់ ឱ្យទៅរុស្ស៉ីក្នុងពេលឆាប់ៗខាងមុខ ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ប្រភពដដែលបាននិយាយថា ក្រុមអ្នកតំណាងក្រសួងការពារជាតិរុស្ស៉ី ត្រូវជឿថាបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតេហេរ៉ង់ ជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ សម្រាប់ប្រព័ន្ធ Fath-360 និងប្រព័ន្ធមីស៉ីលបាលិស្ទីគមួយទៀត ដែលផលិតដោយក្រុមហ៊ុនរដ្ឋរបស់អ៉ីរ៉ង់ Ababil។ ប្រភពស៉ើបការណ៍សម្ងាត់អឺរ៉ុបបានបន្តថា ជំហានបន្ទាប់ក្រោយការហ្វឹកហាត់ប្រើប្រាស់នៃកងទ័ពរុស្ស៉ី គឺមានតែការបញ្ជូនប្រព័ន្ធមីស៉ីលទាំងនោះ ឱ្យទៅរុស្ស៉ីប៉ុណ្ណោះ។
ទីក្រុងមូស្គូមានមីស៉ីលបាលិស្ទីគផ្ទាល់ខ្លួនជាច្រើនប្រភេទ ប៉ុន្តែបើតាមអ្នកជំនាញយោធា ការទទួលបានប្រព័ន្ធ Fath-360 អាចអនុញ្ញាតឱ្យរុស្ស៉ី ផ្តោតប្រើប្រាស់អាវុធរបស់ខ្លួនផ្ទាល់ វាយប្រហារលើគោលដៅដែលនៅឆ្ងាយៗ ពីតំបន់សមរភូមិជួរមុខ ដ្បិតរុស្ស៉ីអាចប្រើមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់ សម្រាប់គោលដៅនៅជិតៗ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត NATO ក៏ដូចជាដៃគូ G7 ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការឆ្លើយតបយ៉ាងរឹងមាំនិងឆាប់រហ័ស ប្រសិនបើអ៉ីរ៉ង់ពិតជាផ្គត់ផ្គង់ប្រព័ន្ធមីស៉ីលបាលិស្ទីគឱ្យរុស្ស៉ីមែន។
មកទល់ពេលនេះ ការគាំទ្រយោធារបស់អ៉ីរ៉ង់សម្រាប់ទីក្រុងមូស្គូ គឺត្រូវបានផ្តោតត្រឹមយន្តហោះដ្រូនវាយប្រហារ Shahed ប៉ុណ្ណោះ ដែលផ្ទុកបរិមាណគ្រឿងផ្ទុះតិចជាង និងងាយស្រួលបាញ់ទម្លាក់ជាងមីស៉ីលបាលិស្ទីគ៕

ដោយ៖ ធីរីណា(រូបថត​៖ qdnd)


ចែករំលែក៖