ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការបង្រ្កាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខនៅក្នុងខេត្តសៀមរាប ជាក់ស្តែងកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីអំពើលួច ដោយប្រើហិង្សា (កាប់យកផ្លាកលេខ) និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយជនរងគ្រោះនិងដុំថ្ម ខ្សែក្រវាត់ មួកការពារ ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្មលើតូបលក់ដូរ ) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៥០នាទី នៅតូបលក់អីវ៉ាន់ចាបហ៊ួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវចំនួន០១ដើម ។
លោកស្នងការខេត្ត បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចជំនាញបានរកឃើញជនសង្ស័យចំនួន០៤នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ដោយ៖ តារា