ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍បានរីករាលដាលនៅចក្រភពអង់គ្លេស

ចែករំលែក៖

បាតុករប្រឆាំងការរើសអើងជាតិសាសន៍រាប់ពាន់នាក់បានទៅដងផ្លូវនៃទីក្រុង Hull, Edinburgh និងទីក្រុងឡុងដ៍ ដើម្បីតវ៉ាប្រឆាំងនឹងកុបកម្មប្រកាន់ជាតិសាសន៍ដែលផ្តោតលើជនមូស្លីមនិងជនចំណាកស្រុក។
អស់រយៈពេលបួនថ្ងៃជាប់ៗគ្នា ចំនួនអ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍មានចំនួនច្រើនជាងចំនួនអ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍នៅតាមទីតាំងមួយចំនួន។ ប្រជាជនក្នុងតំបន់និងសកម្មជនប្រឆាំងការរើសអើងជាតិសាសន៍រាប់ពាន់នាក់បានដើរតាមផ្លូវក្នុងទីក្រុងជាច្រើនដូចជា Liverpool, Birmingham, Bristol, Brighton, London … ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងបង្ហាញការគាំទ្រដល់ជនភៀសខ្លួន។
ពួកគេបានលើកបដាដែលសរសេរថា “យើងទាំងអស់គ្នាជាមនុស្ស” “ការរួបរួមប្រឆាំងនឹងការស្អប់ខ្ពើម” ក្រុមអ្នកតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍បានបង្កើត “ខែលការពារមនុស្ស” ដើម្បីការពារមជ្ឈមណ្ឌលជនភៀសខ្លួន។
បាតុករមួយរូបបាននិយាយថា “ខ្ញុំគ្រាន់តែចង់ក្រោកឈរប្រឆាំងនឹងកុបកម្មប្រឆាំងជនអន្តោប្រវេសន៍កាលពីសប្តាហ៍មុន។ នោះគឺមិនអាចទទួលយកបាន វាមិនតំណាងឱ្យយើងទេ»។ “ខ្ញុំមកទីនេះថ្ងៃនេះ ព្រោះមិនចង់រស់នៅក្នុងសង្គមដែលគ្របដណ្ដប់ដោយការស្អប់ខ្ពើម ឬមានកន្លែងសម្រាប់ស្អប់។ ខ្ញុំគិតថា យើងទាំងអស់គ្នាជាប្រជាជនតែមួយ ហើយចាំបាច់ត្រូវមករួមគ្នា រួបរួមបង្ហាញក្តីមេត្តាដល់គ្នាទៅវិញទៅមក និងបង្កើតសង្គមនៃក្តីមេត្តា»។
មុននេះ កុបកម្មបានផ្ទុះឡើង បន្ទាប់ពីព័ត៌មានមិនពិតបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ជនសង្ស័យដែលបានសម្លាប់ក្មេងស្រីបីនាក់នៅថ្នាក់រាំមួយក្នុងទីក្រុង Southport គឺជាជនជាតិអ៊ិស្លាមដែលទើបតែបានធ្វើអន្តោប្រវេសន៍ទៅចក្រភពអង់គ្លេស ហើយមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៃការតវ៉ា។ ទោះបីជាប៉ូ
លិសបានកំណត់អត្តសញ្ញាណជនសង្ស័យជាសាធារណៈថាជាមនុស្សកើតនៅប្រទេសអង់គ្លេសក៏ដោយ ក៏កុបកម្មនៅតែបន្តរីករាលដាល។
មកដល់ពេលនេះ មនុស្សជាង ៤៨០នាក់ត្រូវបានចាប់ខ្លួនដោយមានការចោទប្រកាន់ជិត១៥០នាក់។ មនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួនជាមួយនឹងសំណុំរឿងដំណើរការយ៉ាងលឿនតាមរយៈប្រព័ន្ធតុលាការ ហើយគេរំពឹងថានឹងមានទោសបន្ថែមទៀត។ រដ្ឋាភិបាលអង់គ្លេសសង្ឃឹមថាចំណាត់ការផ្លូវតុលាការនឹងជួយទប់ស្កាត់កុបកម្មប្រកាន់ពូជសាសន៍៕ ដោយ៖ ធីរីណា

រូបថត​៖ Getty Images


ចែករំលែក៖