ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ចូលសណ្ឋាគារក្នុងទីក្រុងទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី

ចែករំលែក៖

អាជ្ញាធរអូស្ត្រាលីបាននិយាយថា “មិនមានអ្នករបួសនៅលើដីទេ” បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅលើដំបូលសណ្ឋាគារ Hilton’s Double Tree ក្នុងទីក្រុង Cairns ។
អាជ្ញាធរអូស្ត្រាលី នៅថ្ងៃទី 12 ខែសីហាបាននិយាយថា អ្នកដំណើររាប់រយនាក់នៅក្នុងទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់អូស្ត្រាលីគឺ Cairns ត្រូវបានជម្លៀសចេញបន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់ទៅលើដំបូលសណ្ឋាគារមួយ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាក្រុមជួយសង្គ្រោះត្រូវបានបញ្ជូននៅម៉ោងប្រហែល 2:00 ទៀបភ្លឺថ្ងៃទី 12 ខែសីហា (ម៉ោងក្នុងតំបន់) បន្ទាប់ពីឧបទ្ទវហេតុនៅសណ្ឋាគារ Hilton’s Double Tree ក្នុងទីក្រុង Cairns ដែលត្រូវបានគេចាត់ទុកថាជាច្រកទ្វារទៅកាន់តំបន់ Great Barrier Reef នៃប្រទេសអូស្ត្រាលី។
ប៉ូលិសរដ្ឋ Queensland បាននិយាយថា “មនុស្សទាំងអស់នៅក្នុងអគារត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្ន ហើយមិនមានរបួសដល់មនុស្សនៅលើដីនោះទេ។ ប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីឧបទ្ទវហេតុនេះ”។
ប៉ូលិសមិនបានបញ្ជាក់ពីស្ថានភាពរបស់អ្នកបើកយន្តហោះ ឬថាតើមានអ្នកដំណើរណាម្នាក់នៅលើយន្តហោះនោះទេ ប៉ុន្តែវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីអគ្គិភ័យនៅលើដំបូលសណ្ឋាគារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ក្បាលរ៉ូទ័រពីររបស់ឧទ្ធម្ភាគចក្របានធ្លាក់ រួមទាំងរ៉ូទ័រមួយបានធ្លាក់ចូលទៅក្នុងអាងហែលទឹករបស់សណ្ឋាគារ៕ ដោយ៖ ធីរីណា

រូបថត៖ Le Monde


ចែករំលែក៖