ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈគំរូ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយវមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គ្រូឧទ្ទេសចុះជួយគាំទ្រសាលា និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំមកពី ខេត្តកំពង់ចាម កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបំប៉ន និងពង្រឹងសមត្ថភាពបន្ថែមដល់ថ្នាក់មន្ទីរអប់រំ ការិយាល័យអប់រំ នាយកសាលាគោលដៅនៅក្នុងតំបន់ទី១ ឱ្យទទួលបាននូវចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅលើស្តង់ដាសាលាមធ្យមសិក្សាគំរូ និងយន្តការចុះជួយគាំទ្រសាលារៀន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ផ្អែកតាមរបាយការណ៍ក្រុមការងារអធិការកិច្ច ខែមីនា-មេសា ឆ្នាំ២០២៤ លើការអនុវត្តស្តង់ដាសាលាគំរូនៅវិទ្យាល័យធនធានទាំង៩ ក្រុមការងារបានចុះទៅជួយវិទ្យាល័យធនធានទាំង៩លើការងារ ៖ (១). ឆ្លុះបញ្ចាំងការអនុវត្តតេស្តស្តង់ដា (ដើមឆ្នាំ ប្រចាំខែ ត្រីមាស ឆមាស និងដំណាច់ឆ្នាំ) (២). ពិនិត្យឡើងវិញការអនុវត្តផែនការបង្រៀន និងផែនការសិក្សា (៣). ឆ្លុះបញ្ចាំងកិច្ចព្រមព្រៀងលទ្ធផលការងារ (គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងបុគ្គលិកអប់រំ) (៤). គាំទ្រ និងជំរុញ ដំណើរការអគារធនធាន (បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ) (៥). ពង្រឹងការបង្រៀន និងរៀន ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស ដឹកនាំពិភាក្សាការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា (៦). ពន្យល់ និងបកស្រាយសូចនាករដែលមានពិន្ទុក្រោមស្តង់ដា និង (៧). រកសកម្មភាពគាំទ្របន្ថែម (គ្រូ និងសិស្ស) ដើម្បីជួយបង្កើនលទ្ធផលសិក្សារបស់សិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិត សភាចារ្យ  ឧបនាយករដ្ឋមន្ត្រី បានលើក ឡើងពីសាវតាពាក់ព័ន្ធនឹងសាលារៀនគំរូ និងអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់រដ្ឋាភិបាល អាណត្តិទី៧ នេះ គឺផ្តោតលើការអនុវត្តស្តង់ដាសាលា រៀនគំរូ ចំនួន ៥ រួមមាន៖ (ស្តង់ដាទី១). លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២). ការបង្រៀននិងរៀន (ស្តង់ដាទី៣). ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤). ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥). គណនេយ្យភាពរបស់សាលារៀន។ ទន្ទឹមនឹងការជំរុញនូវកំណែទម្រង់ការអប់រំឱ្យដល់សាលារៀន ក្រសួងក៏បាន និងកំពុងយកចិត្តទុកដាក់រៀបចំកែលម្អគោលនយោបាយគ្រូបង្រៀន ដោយពង្រឹងគុណភាពការបណ្តុះបណ្ដាលគ្រូ លើកកម្ពស់ជីវភាព និងកិត្តិយសគ្រូបង្រៀន ហើយគ្រូក៏ត្រូវតែបង្រៀនសិស្សឱ្យចេះ និងទទួលបានលទ្ធផលល្អក្នុងការសិក្សាផងដែរ ទើបឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ គោរព និងផ្តល់តម្លៃឱ្យគ្រូបង្រៀនយើង ដែលនេះហើយគឺជាគោលដៅធំមួយទៀតនៃការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ដើម្បីឈានទៅសម្រេចគោលដៅប្រែក្លាយសាលានៅកម្ពុជាកាន់តែច្រើនឱ្យទៅជាសាលារៀនគំរូបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចជា៖ 

– ត្រូវបន្តបណ្តឹងការប្រឡងឈរលើគោលការណ៍ “អ្នកចេះ គឺជាប់” ដើម្បីឱ្យសិស្សខិតខំរៀន ហើយគ្រូក៏ប្រឹងប្រែងបង្រៀន និងត្រូវបន្តធ្វើតេស្តស្តង់ដា 

– ជាគន្លឹះ ត្រូវតែបង្រៀនបន្ថែមម៉ោង និងបំប៉នបន្ថែមដល់សិស្សរៀនយឺត ដោយត្រូវរៀនយ៉ាងហោចណាស់ឱ្យបាន ៦ម៉ោងក្នុង១ថ្ងៃ និងត្រូវមានស្វ័យសិក្សាទៀត និងមានវិធីសាស្ត្របង្រៀនបែបថ្មី ដូចជា ស្រាវជ្រាវ គម្រោង ក្លឹបសិក្សាជាដើម។

– ត្រូវពង្រឹងភាសាខ្មែរ ឱ្យខ្លាំងតាំងពីថ្នាក់ ក្រោម។ ក្នុងន័យនេះ ក្រសួងបានរៀបចំឱ្យមានវិធីសាស្ត្របង្រៀនភាសាខ្មែរបែបថ្មី ដោយបូកវិធីសាស្ត្របង្រៀនបែបសរុប និងប្រកប និងរៀបចំឱ្យមានបណ្ណាល័យស្តង់ដា។ ដើម្បីរៀនភាសាឱ្យចេះត្រូវអានឱ្យ

ច្រើន រាល់ថ្ងៃ ឧស្សាហ៍ព្យាយាម រៀនទាំងនៅសាលា និងនៅផ្ទះ។

– សម្រាប់មធ្យមសិក្សា ការរៀនតាមបែបទន្ទេញចាំមាត់មិនគ្រប់គ្រាន់ទេ គឺទាមទាររបៀបរៀនត្រឹមត្រូវមានប្រសិទ្ធភាពខ្ពស់ ដូចជាការវិភាគស៊ីជម្រៅ និងការត្រិះរិះពិចារណា ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ទើបទទួលបានជោគជ័យក្នុងការសិក្សារហូតដល់កម្រិតឧត្តមសិក្សា៕

ដោយ៖ សូរិយា


ចែករំលែក៖