ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនបានបញ្ជាក្រសួងការពារជាតិឱ្យបណ្តេញសត្រូវចេញពីទឹកដី

ចែករំលែក៖

ស្ថានភាពសង្រ្គាមនៅ Kursk បន្តមានភាពស្មុគស្មាញ។ អ៊ុយក្រែនបាននិយាយថា ខ្លួនបានគ្រប់គ្រងដីរុស្ស៊ីទំហំ 1,000 គីឡូម៉ែត្រការ៉េ ចំណែកលោកប្រធានាធិបតីពូទីន បានណែនាំក្រសួងការពារជាតិឱ្យបណ្តេញកងទ័ពអ៊ុយក្រែនចេញពីទឹកដី។
កងទ័ពអ៊ុយក្រែនបានទម្លាយចូលក្នុងជម្រៅ ១២ គីឡូម៉ែត្រ ដោយគ្រប់គ្រងភូមិរុស្ស៊ីចំនួន២៨។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានផ្សាយថា កាលពីថ្ងៃទី 12 ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានអគ្គសេនាធិការនៃកងទ័ពរុស្ស៊ី Valery Gerasimov និងមន្ត្រីផ្សេងទៀតបានស្តាប់អភិបាលស្តីទីនៃតំបន់ Kursk លោក Alexei Smirnov រាយការណ៍អំពីស្ថានភាពចុងក្រោយបង្អស់នៅក្នុងមូលដ្ឋាន។
លោក Smirnov បានរាយការណ៍ថា កងទ័ពអ៊ុយក្រែនបានចូលទៅក្នុងខេត្តដែលមានជម្រៅ 12 គីឡូម៉ែត្រ ហើយផ្នែកខាងមុខមានទទឹង 40 គីឡូម៉ែត្រ។ ការវាយប្រហាររបស់អ៊ុយក្រែនបានធ្វើឱ្យជនស៊ីវិល១២នាក់ស្លាប់និង១២១នាក់រងរបួសក្នុងនោះមានកុមារ១០នាក់។ លោកក៏បានចង្អុលបង្ហាញថា “ស្ថានភាពក្នុងតំបន់នេះលំបាកខ្លាំងណាស់” កងទ័ពអ៊ុយក្រែនបានគ្រប់គ្រងភូមិចំនួន២៨។ បច្ចុប្បន្ននេះ ស្ថានភាពអ្នកស្រុក 2,000 នាក់នៅតែមិនទាន់ដឹងនៅឡើយ មនុស្ស 121,000 នាក់ត្រូវបានជម្លៀសចេញពីតំបន់ Kursk ហើយនៅតែមានមនុស្សជាង 59,000 នាក់ទៀតដែលមិនត្រូវបានជម្លៀសចេញ។
វីដេអូ RIA Novosti បង្ហាញប្រធានាធិបតីពូទីន បញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងក្នុងអំឡុងពេលកិច្ចប្រជុំ និងរំខានរបាយការណ៍របស់អភិបាលស្តីទីនៃខេត្ត Kursk លោក Alexei Smirnov ។ គាត់ហាក់ដូចជាមិនចេះអត់ធ្មត់ រំខានសុន្ទរកថារបស់ Smirnov ហើយបាននិយាយថា “ស្តាប់ យោធានឹងរាយការណ៍អំពីជម្រៅ និងទទឹងនៃសមរភូមិ ហើយអ្នកប្រាប់យើងអំពីស្ថានភាពសេដ្ឋកិច្ច – ការគាំទ្រផ្នែកសង្គម និងពាក់ព័ន្ធ … “។
លោកពូទីនបាននិយាយថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុជាបន្តបន្ទាប់របស់អ៊ុយក្រែននៅតំបន់ព្រំដែន ហើយបានណែនាំក្រសួងការពារជាតិឱ្យបណ្តេញកងទ័ពអ៊ុយក្រែនចេញពីទឹកដីរុស្ស៊ី និងសម្របសម្រួលជាមួយភ្នាក់ងារការពារព្រំដែនដើម្បីពង្រឹងខ្សែការពារព្រំដែនជាតិ៕ ដោយ៖ ធីរីណា

រូបថត​៖ QQ


ចែករំលែក៖