ខេត្តព្រះវិហារ ៖ មុខសញ្ញាក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ដែលបានធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើរ២នាក់ដែលជាដៃគូធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកហើយព្រមទាំងដេញកាប់នឹងវាយបន្ថែមទៀតនោះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបង្ក្រាបឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខសញ្ញាបានភ្លាមៗបន្ទាប់ពីពួកធ្វើសកម្មភាពកាលពីវេលាម៉ោង១៧.០០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នៅត្រង់ចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។
បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជាយ៉ាងមុឺងម៉ាត់ហើយចាត់ឱ្យ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញានឹងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួរ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរទៅមុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅក្មេងដែលជិះម៉ូតូ២នាក់នឹងបាននាំគ្នាស្ទាក់កាប់នឹងវាយបណ្តាលឱ្យរងរបួសនឹងខូចម៉ូតូពិតមែនដោយមូលហេតុពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកាលពីពេលកន្លងមក។
បន្ទាប់ពីបានទទួលចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំ៨នាក់នោះរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធីហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១២ខែសីហាឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ ជីវ័ន្ត